កុំឱ្យអ្នកគាំទ្រឆ្ងល់! Suga សមាជិក BTS ប្រាប់មូលហេតុចូលចិត្តដើរលឿន ពេលនៅព្រលានយន្តហោះ
ជាយូរមកហើយដែលតារាចម្រៀងប្រុស Suga សមាជិក BTS តែងតែមានព័ត៌មានទាក់ទងនឹងដំណើរនៃការដើរលឿនរបស់លោក រាល់ពេលបង្ហាញខ្លួននៅឯព្រលានយន្តហោះ។ បើទោះបីនេះជាទម្លាប់របស់តារាប្រុសរូបនេះក៏ដោយ ប៉ុន្តែលោកក៏មិនដែលភ្លេចនឹងលើកដៃស្វាគមន៍ទៅកាន់អ្នកគាំទ្ររបស់លោកនោះដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបានចេញមុខធ្វើការ Live ផ្ទាល់តាមរយៈ Weverse ដោយបានប្រាប់ពីមូលហេតុដែលលោកចូលចិត្តដើរលឿនរាល់ពេលបង្ហាញខ្លួននៅព្រលានយន្តហោះ។
នៅពេលនោះដែរ Suga បាននិយាយថា ៖ «តាំងពីខ្ញុំនៅក្មេង ខ្ញុំមានទម្លាប់ដើរលឿនជាងនេះទៅទៀត មិនមែនដើរលឿនត្រឹមតែនៅព្រលានយន្តហោះនោះទេ»។ លើសពីនេះ តារាប្រុសរូបនេះបាននិយាយទៀតថា ៖ «ពេលនៅពីក្មេង ខ្ញុំឃើញមនុស្សជាច្រើនបានបំបុកគ្នារហូតដល់ដួលពេញនៅព្រលានយន្តហោះ ព្រោះតែមនុស្សប្រមូលផ្តុំច្រើនពេក។ នោះហើយជាមូលហេតុ ខ្ញុំទម្លាប់ដើរទៅណាមកណាលឿនៗ ដើម្បីឱ្យអ្នកដំណើរនៅព្រលានយន្តហោះ អាចធ្វើដំណើរបានស្រួលចិត្តមិនកកកុញគ្នា»។
ភ្លាមៗនោះ អ្នកគាំទ្របានចូលមកកោតសរសើរចំពោះគំនិតផ្ទាល់ខ្លួនរបស់ Suga ជាពិសេសលើការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អ្នកដទៃ៕