ឌីជេ ក្តិប ប្រកាសមានស្នាដៃថ្មី ក្រោយផ្អាកសិល្បៈ ៥ ឆ្នាំ
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជា ៥ ឆ្នាំមកហើយ ដែល ឌីជេ ក្តិប ហាក់បាត់មុខពីវិស័យសិល្បៈក្នុងការបង្ហាញវត្តមានលើឆាកប្រគំតន្ត្រី និង បញ្ចេញស្នាដៃចម្រៀងរ៉េប ដែលជាហេតុធ្វើឱ្យមហាជនអ្នកគាំទ្រលោកមានការនឹករឭកយ៉ាងខ្លាំង។
យ៉ាងណាថ្មីៗនេះ ឌីជេ ក្តិប ក៏បានបង្ហាញវត្តមានក្នុងការច្រៀង និង ចាក់ភ្លេងតាមក្លិបកម្សាន្តនានា ព្រមទាំងបានប្រកាសលើគណនីហ្វេសប៊ុកផ្ទាល់ថា លោកកំពុងតែរំភើបចិត្តដែលមានឱកាសត្រលប់មកបង្ហាញស្នាដៃថ្មីក្នុងពេលឆាប់ៗ។
ឌីជេ ក្តិប បានរៀបរាប់ថា ៖ «ទុកសិល្បៈចោល ៥ ឆ្នាំហើយ ហើយក៏រំភើបដែលមានឱកាសត្រលប់មកវិញម្តងទៀតជាមួយនឹងស្នាដៃថ្មីឆាប់ៗ»។
គួររំឭកថា ឌីជេ ក្តិប បានទទួលភាពល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ២០០៦ មក ដោយ ឌីជេ ក្តិប បានចេញបទចម្រៀងទោលជាចង្វាក់រ៉េប និង មនោសញ្ចេតនាមួយចំនួនផងដែរ។ លើសពីនោះ ឌីជេ ក្តិប ក៏ជាអ្នកនិពន្ធទំនុកច្រៀងថែមទៀតផង៕