សល់ ៣ ខែទៀតសម្រាលកូន វីរៈ និច្ច ឆ្លៀតដើរលេងកម្សាន្តយ៉ាងផ្អែមល្ហែមជាមួយស្វាមីនៅកូរ៉េ
គិតមកដល់ពេលនេះ តារាចម្រៀងស្រីវ័យក្មេង វីរៈ និច្ច កំពុងពពោះកូនក្នុងផ្ទៃ ដែលជាកូនប្រុសប្រមាណជាង ៦ ខែហើយ ដែលសល់តែ ៣ ខែទៀត អ្នកនាង និង ស្វាមី បានឃើញមុខកូនប្រុសហើយ ដែលអ្នកទាំងពីរកំពុងត្រៀមខ្លួនស្វាគមន៍សមាជិកថ្មីជាមួយក្ដីរំភើបចិត្តខ្លាំង។
ខណៈពេលដែល វីរៈ និច្ច កំពុងតែពពោះកូនប្រុសក្នុងផ្ទៃ ៦ ខែ នាងកាន់តែទទួលបានក្ដីសុខខ្លាំង ទទួលបានការមើលថែយ៉ាងល្អពីស្វាមីជាទីស្រឡាញ់ មើលទៅនាងហាក់កាន់តែមានក្ដីសុខយ៉ាងពេញទំហឹងនៃជីវិតគ្រួសារ។
ដោយឡែក ខណៈសល់តែ ៣ ខែទៀតសម្រាលកូន និង ទំហំផ្ទៃពោះកាន់តែខ្ទាតធំឡើង ថ្មីៗនេះ វីរៈ និច្ច បានដឹកដៃស្វាមីបណ្ដូលចិត្តហោះទៅប្រទេសកូរ៉េខាងត្បូង បង្ហាញរូបភាពដើរលេងកម្សាន្តលើព្រិលទឹកកកយ៉ាងរីករាយផ្អែមល្ហែម ដែលនាងក៏បញ្ជាក់ថាដ្បិតតែដើរលេងមែន តែនាងថ្នមខ្លួន និង កូនក្នុងផ្ទៃណាស់។ ក្នុងនោះ វីរៈ និច្ច បានសរសេរភ្ជាប់ជាមួយរូបភាពថា ៖ «ម៉ាក់ដើរលេងមែនតែម៉ាក់មើលថែកូនណាស់»៕