ងិន ម៉ារ៉ាឌី និង គូដណ្ដឹងរស់នៅម្នាក់មួយចំហៀងផែនដី តែដូចជិតបង្កើយ ព្រោះហេតុផលសំខាន់ ២ យ៉ាង
គិតមកដល់ពេលនេះ មានរយៈពេលជិតកន្លះឆ្នាំមកហើយដែលបវរកញ្ញាគ្រងមកុដ Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី បានប្រកាសថាបេះដូងនាងមានម្ចាស់ថែរក្សា បន្ទាប់ពីបវរកញ្ញារូបនេះ សម្រេចភ្ជាប់ពាក្យឱ្យចាស់ទុំទាំងសងខាង សាច់ញាតិដឹងឮកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ។
ប្រិយមិត្តភាគច្រើនបានជ្រាបហើយថា អនាគតកូនកំលោះរបស់ ងិន ម៉ារ៉ាឌី ដែលមានឈ្មោះថា ទិត្យ វ៉ាន់ណូរ៉ា គឺជាអណិកជនខ្មែរ-អាមេរិក ដោយបច្ចុប្បន្នលោក និង គ្រួសារកំពុងរស់នៅទឹកដីសហរដ្ឋអាមេរិកឯណោះ ហើយយូរៗម្ដង ទើបគេឃើញលោកបង្ហាញវត្តមានមកលេងស្រុកខ្មែរម្ដង។
តែយ៉ាងណាកាលពីអំឡុងដើមខែមករា ឆ្នាំ ២០២៣ កន្លងទៅ ម៉ារ៉ាឌី បានហោះហើរទៅសហរដ្ឋអាមេរិកជាមួយបវរកញ្ញាចក្រវាលកម្ពុជា ៣ រូបផ្សេងទៀត ដើម្បីចូលរួមលើកទឹកចិត្ត ហង្ស ម៉ានីតា ក្នុងនោះគេក៏ឃើញ ងិន ម៉ារ៉ាឌី និង គូដណ្ដឹង បានស្កាត់ណាត់ជួបគ្នា នាំគ្នាដើរលេងលើទឹកដីប្រាក់ដុល្លារមួយនេះយ៉ាងផ្អែមល្ហែម។
ដ្បិតថាចាប់តាំងពីភ្ជាប់ពាក្យមក MUC 2021 រូបនេះ និង គូដណ្ដឹង មិនសូវបាននៅក្បែរមើលថែគ្នាដូចគូស្នេហ៍ដទៃ តែមើលទៅចំណងស្នេហ៍របស់ពួកគេ នៅតែល្អូកល្អិនស្អិតល្មួតមិនប្រែ។ ក្នុងនោះ ម៉ារ៉ាឌី បានបង្ហាញហេតុផល ២ យ៉ាងនៅពីក្រោយស្នេហាដ៏រឹងមាំរបស់ពួកគេថា ៖ «ទំនាក់ទំនងនឹងកាន់តែមានន័យ ហើយបានយូរអង្វែង នៅពេលដែលអ្នកមានភាពស្មោះត្រង់ និង ឱ្យតម្លៃគ្នាទៅវិញទៅមក»៕