ផ្អើលអ្នកគាំទ្រ! ស្ងាត់ៗ Hu Ge ប្រកាសថារៀបការរួច ហើយប្រពន្ធក៏សម្រាលបានកូនស្រីម្នាក់ទៀត
ថ្មីៗនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយស្ងាត់ៗ តារាសម្ដែងប្រុសចិនដ៏ល្បី Hu Ge ដែលមហាជនកម្ពុជាស្គាល់ច្បាស់ជាតួអង្គប្រចាំរឿង «ដាវទេពនិស្ស័យស្នេហ៍» នោះ បានចេញមុខប្រកាសថា លោកបានរៀបការរួចហើយ ដោយភរិយារបស់លោកក៏ទើបតែផ្ដល់កំណើតដល់កូនស្រីដ៏ស្រស់ស្អាតម្នាក់ទៀតផង។
នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ នេះ តារាសម្ដែងប្រុស Hu Ge បានប្រើប្រាស់បណ្ដាញសង្គមផ្លូវការរបស់លោក ធ្វើការប្រកាសពីដំណឹងដ៏ល្អមួយប្រាប់អ្នកគាំទ្រ។ តាមការបង្ហោះរៀបរាប់ Hu Ge បានសរសេរថា ៖«ខ្ញុំបានក្លាយជាឪពុកគេហើយ។ ទាំងម្ដាយ និង កូនស្រី គឺមានសុវត្ថិភាព និង សុខភាពល្អធម្មតា។ ខ្ញុំសុំចែករំលែកក្ដីសុខមួយនេះ ទៅកាន់អ្នកទាំងអស់គ្នាផង»។
បើតាមការចេញផ្សាយពីសារព័ត៌មាន Sina បានឱ្យដឹងថា ភរិយារបស់តារាសម្ដែងប្រុស Ho Ge គឺជាអ្នកក្រៅរង្វង់សិល្បៈ ហើយការដែលទើបតែចេញមុខមកប្រកាសប្រាប់អ្នកគាំទ្រនេះដែរ ក៏ព្រោះតែកាលពីប៉ុន្មានឆ្នាំកន្លងទៅ គឺលោកជួបប្រទះបញ្ហាលំបាកមួយចំនួន។ ដូចនេះហើយ ទើបបានជាលោករង់ចាំរហូតកូនស្រីរបស់លោកកើត បានចេញមកប្រកាសបែបនេះ។ ណាមួយ លោកចង់រក្សាភាពឯកជនរបស់ភរិយាផង ដើម្បីកុំឱ្យមានការតាមរំខានពីពពួក paparazzi៕