ឌួង ហ្សូរីដា ឆ្លើយតបបញ្ជាក់ហេតុផលដែលនិយាយកាត់គេកណ្តាលកម្មវិធី ក្រោយរងព្យុះរិះគន់ខ្លាំង
រឿងរ៉ាវដ៏ក្ដៅគគុកដែលកំពុងផ្ទុះការជជែកវែកញែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ទៅលើតារាសម្ដែង ឌួង ហ្សូរីដា បានបង្ហាញវត្តមានធ្វើជាពិធីការិនីក្នុងកម្មវិធី Miss Planet International 2023 ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ។
ជាការពិត រឿងរ៉ាវដែលមហាជនផ្ទុះការមិនពេញចិត្តទៅលើ ឌួង ហ្សូរីដា នាំឱ្យមានការរិះគន់ភ្លូកទឹកភ្លូកដី ដោយតារាស្រីរូបនេះ បាននិយាយកាត់ពិធីការិនីជាដៃគូច្រើនដង ហើយថែមទាំងប្រកាសសុំជំនួយពីអ្នកទស្សនិកជន ដែលធ្វើឱ្យមហាជនមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះទង្វើមួយនេះទាល់តែសោះ។
យ៉ាងណាមិញ ខណៈរឿងរ៉ាវមួយនេះនៅតែជាប្រធានបទដ៏ក្ដៅ ត្រូវអ្នកលេងបណ្ដាញសង្គមយកមកជជែកតៗគ្នានៅឡើយ ស្រាប់តែនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ឌួង ហ្សូរីដា បានបង្ហោះសារអរគុណនូវមតិរិះគន់ពីមហាជនថា ៖ «អរគុណអ្នករិះគន់ទាំងឡាយ ហើយអូនៗមានបានជួយអ្វីខ្លះដល់សង្គមខ្មែរក្រៅពីការចែករំលែកតែភាពអវិជ្ជមាន? បងមិនល្អគ្រប់ ១០ ទេ ប៉ុន្តែបងសប្បាយចិត្តដែលបងបានរកលុយឱ្យអ្នករៀបចំកម្មវិធីតាមរយៈការចូលរួមបរិច្ចាគពេលវេលារបស់បង ការអំពាវនាវរកថវិកាដើម្បីបន្តកម្មវិធីទៅមុខទៀតដើម្បីមុខមាត់ប្រទេសជាតិ។ អ្នកធ្វើគឺតែងតែខុស មានតែអ្នកមិនដែលធ្វើទេ បានមិនខុស។ អរគុណរាល់ការរិះគន់ដើម្បីស្ថាបនា ដោយពាក្យសុជីវធ៌មថ្លៃថ្នូរក្នុងនាមជាខ្មែរមានចំណេះដឹង»។
ក្រៅពីនេះ ឌួង ហ្សូរីដា ក៏បានឆ្លើយតបអ្នកគាំទ្រក្រោយមានការសួរនាំរឿងនាងនិយាយកាត់សម្ដីពិធីការិនីដៃគូថា ៖ «បើមានលើកក្រោយបងកុំនិយាយកាត់ចឹង»។ ភ្លាមនោះ ហ្សូរីដា បានតបវិញថា ៖ «បើអូននៅក្នុងកម្មវិធីទើបយល់ ពិធីការនីខ្មែរត្រូវបត់បែនភ្លាមៗតាមការបញ្ជាពីខាងក្រោម ពេលគណៈធិបតីណាមួយប្រែប្រួល ព្រោះជាកម្មវិធីបែប Protocol»៕