ផ្អើលអ្នកសិល្បៈ! នៅសុខៗជំទាវ នៅ សុនិតា ស្រែកថា «យុត្តិធម៌គ្មានទេសម្រាប់ខ្ញុំ»
មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសមិត្តភក្ដិក្នុងរង្វង់សិល្បៈនាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ខណៈប៉ុន្មានថ្ងៃចុងក្រោយនេះ តារាសម្ដែង នៅ សុនិតា បានបង្ហោះប្លែកៗ ហាក់បីដូចជារងនូវអយុត្តិធម៌រឿងអ្វីមួយ។
ជាក់ស្ដែងនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ ជំទាវ នៅ សុនិតា បានសរសេររៀបរាប់នូវសារធ្វើឱ្យមហាជនងឿងឆ្ងល់ព្រាតថា ៖ «យុត្តិធម៌គ្មានទេសម្រាប់ខ្ញុំ ហើយដាក់កំហុសមកខ្ញុំទៀត ទាំងដែលខ្ញុំក្បាល១ ខ្លួន១ ចង់ធ្វើបាបខ្ញុំពួកអ្នកឯងសាហាវណាស់»។ សាររបស់អ្នកម៉ាក់ដ៏ស្រស់ស្អាតរូបនេះ បានធ្វើឱ្យមហាជនងឿងឆ្ងល់ជាពន់ពេក ព្រោះគេដឹងថា ស្វាមីតារាស្រីរូបនេះ គឺជាអ្នកមានមុខមាត់ និង ឋានៈក្នុងសង្គម តែនៅសុខៗ ជំទាវខាងលើស្រែកថាគ្មានយុត្តិធម៌ទៅវិញ។
មុនពេលទម្លាយសារខាងលើនេះ ជំទាវ សុនិតា ក៏បានបង្ហោះសារប្លែកៗមួយចំនួននៅលើគណនីហ្វេសប៊ុក ប៉ុន្ដែទោះជាយ៉ាងណា លោកជំទាវរូបនេះមិនបានបញ្ជាក់រឿងរ៉ាវច្បាស់លាស់នៅឡើយទេ តែក្នុងនោះគេឃើញមានអ្នកគាំទ្រ និង អ្នកសិល្បៈជិតដិតជាមួយគ្នា បានបញ្ចេញមតិលើកទឹកចិត្តដល់លោកជំទាវព្រោងព្រាត។
អាចនិយាយថានេះជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អ្នកស្ថិតក្នុងចង្កោមសិល្បៈ ព្រោះថាកន្លងមកជំទាវ នៅ សុនិតា ច្រើនតែបង្ហាញសុភមង្គលក្នុងគ្រួសារ រស់នៅយ៉ាងមានក្ដីសុខជាមួយស្វាមី និង កូនប្រុស ប៉ុន្ដែនៅសុខៗ តារាស្រីរូបនេះបែរជាបង្ហោះសារប្លែកទាំងនេះទៅវិញ៕