ក្នាញ់នឹងគេថាជនទី ៣ ពេក Min ដាក់ផាំងៗថា មនុស្សស្រីល្អ មានការគិត គេមិនធ្វើជាជនទី ៣ របស់អ្នកណាឡើយ
ដ្បិតមានការបកស្រាយពីហាយសូរ Pok Phornprapa ថាគ្មានជនទី ៣ ដែលនាំឱ្យស្នេហាលោកប្រេះឆាក៏ដោយ តែមហាជននៅតែមិនឈប់ក្នុងការទាញអ្នកនេះ អ្នកនោះមកធ្វើជាប្រធានបទរិះគន់ឡើយ។ ក្នុងនោះ សូម្បីតែតារាសម្ដែងស្រីស្រស់ Min Pechaya ក៏ត្រូវមហាជនមួយចំនួនទាញចូលជាជនទី ៣ ដែរ។
ដោយឡែក ងាកទៅមើលតារាស្រី Min ខណៈមហាជនមានការសង្ស័យគ្មានហេតុផលថានាងជាជនទី ៣ នាំឱ្យស្នេហាគេបែកបាក់ដូច្នោះ ស្រាប់តែតារាស្រីរូបនេះបានចេញមុខមកទម្លាយថា ៖ «មនុស្សស្រីដែលល្អ និង មានការគិត មិនចាំបាច់ក្លាយជាជនទី ៣ របស់នរណាឡើយ សូម្បីធ្វើជាជនទី ១ របស់មនុស្សប្រុសមិនល្អក៏មិនយកដែរ» ។
លើសពីនោះ នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៣ នេះទៀត តារាស្រី Min ក៏បានចេញមកទម្លាយបន្ថែមក្នុងគណនីអ៊ីនស្តាក្រាមផងដែរថា ៖ «អរគុណសម្រាប់ពាក្យលើកទឹកចិត្តដែលគ្រប់គ្នាផ្ញើមកខ្ញុំណា ប្រាកដណាស់ខ្ញុំមិនអាចឆ្លើយតបបានគ្រប់គ្នាទេ ព្រោះវាច្រើនណាស់។ អំឡុងពេលដែលខ្ញុំប្រឡូកចូលក្នុងរង្វង់សិល្បៈមក ព័ត៌មានគឺជាព័ត៌មាន ការពិតគឺការពិត ពេលវេលានឹងពិសោធរឿងគ្រប់យ៉ាងដោយខ្លួនឯង។ ប៉ាម៉ាក់របស់ខ្ញុំអប់រំខ្ញុំឱ្យរឹងមាំ និង ឃើញពីតម្លៃអ្នកដទៃជានិច្ច ព្រោះយើងមិនគួរបន្ទាបតម្លៃខ្លួនឯងឡើយ ដោយការធ្វើទង្វើមិនត្រឹមត្រូវនោះទេ ជាពិសេសរឿងស្នេហា»៕