អ្នកគាំទ្រសម្រុកផ្ញើកាដូឱ្យ Jin នៅបន្ទាយច្រើនពេក រហូត BigHit អង្វរឱ្យឈប់ទៅ ព្រោះគ្មានកន្លែងដាក់ទៀតទេ
Jin សមាជិកដែលមានអាយុច្រើនជាងគេប្រចាំក្រុម BTS បានចូលបម្រើយោធា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធានៅឯស្រុក Yeoncheon ខេត្ត Gyeonggi-do ប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នេះ Big Hit Music បានធ្វើសេចក្តីប្រកាសទាក់ទងទៅនឹងការរៀបឥរិយាបថរបស់អ្នកគាំទ្រ ដើម្បីកុំឱ្យបង្កមានជាភាពចលាចល នៅឯបន្ទាយទាហានដែល Jin កំពុងតែហ្វឹកហាត់។
ខាងភ្នាក់ងារបានស្នើឱ្យអ្នកគាំទ្រកុំផ្ញើសំបុត្រ និង អំណោយជាកាដូទៅកន្លែងហ្វឹកហាត់យោធារបស់ Jin បន្តទៀត ដោយសារតែវត្ថុបែបនេះ ខាងបន្ទាយពុំមានសមត្ថភាពក្នុងការគ្រប់គ្រង និង ទុកដាក់របស់របរយ៉ាងច្រើនបែបនេះឡើយ។
ពួកគេក៏បានសង្កត់ធ្ងន់ដែរថា ច្បាប់មួយនេះក៏នឹងអនុវត្តដូចគ្នា នៅពេលដែល Jin បានហ្វឹកហាត់ចប់ រួចចាត់តាំងទៅទីតាំងមូលដ្ឋានផ្សេងទៀតរបស់លោក។ ដោយឡែក ខាង Big Hit Music បានស្នើថា ៖ «ជំនួសឱ្យការផ្ញើសំបុត្រ និង អំណោយជាកាដូទៅកាន់សិល្បកររបស់ Big Hit Music ទាំងអស់ ខាងយើងខ្ញុំសំណូមពរឱ្យអ្នកគាំទ្រប្រើប្រាស់ Weverse ដើម្បីសរសេរសារសម្រាប់សមាជិក BTS ទាំងអស់វិញ»៕
អានសេចក្ដីថ្លែងការខាងក្រោម៖