មានគេទម្លាយថា Dilraba និង Xiao Zhan ណាត់ជួបគ្នានៅព្រលានយន្តហោះ ដោយតែងខ្លួនយ៉ាងអាថ៌កំបាំង
កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានមួយបានបង្កភាពចម្រូងចម្រាសខ្លាំងទាក់ទងនឹងតារាប្រុសស្រីក្នុងវិស័យសិល្បៈកម្សាន្តរបស់ចិន ប៉ុន្តែមិនទាន់ភស្តុតាងមិនគ្រប់គ្រាន់បង្ហាញជាផ្លូវការនោះទេ។
ក្នុងព័ត៌មានដែលបង្ហោះនៅក្នុងបណ្តាញសង្គម Weibo នោះ គឺនិយាយសំដៅលើតារាសម្ដែងស្រី Dilraba Dilmurat ត្រូវបានគេប្រទះឃើញនៅឯព្រលានយន្តហោះ តែងខ្លួនបិទបាំងជិតឈរជាមួយនឹងបុរសអាថ៌កំបាំងម្នាក់ ដែលគេសង្ស័យថាបានណាត់ជួបតារាសម្ដែងប្រុស Xiao Zhan ជាតារាប្រុសសង្ហាវ័យក្មេងមានប្រជាប្រិយភាព។
ក្រោយពីរូបថតនោះបង្ហោះនៅលើបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើន ប៉ុន្តែក៏មានក្រុមអ្នកគាំទ្ររបស់តារាទាំងពីរបានចេញមកវែកញែក ហើយរកឃើញថារូបថតនោះគឺជារូបថតក្លែងក្លាយ មានចេតនាបង្កជារឿងចចាមអារ៉ាមមិនល្អលើតារាទាំងពីរ។
យ៉ាងណាមិញ ខាងស្ទូឌីយោរបស់ Dilraba Dilmurat បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ខ្លួនបានរកឃើញព័ត៌មានប្រឌិតមួយចំនួនធំអំពី Dilraba នៅលើបណ្តាញសង្គមផ្សេងៗកាលពីពេលថ្មីៗនេះ ក្នុងនោះខ្លឹមសារទាំងអស់គឺជាពាក្យចចាមអារ៉ាមសុទ្ធសាធ ប្រឌិតទាំងអស់។ ជាមួយគ្នានោះ ពួកគេក៏បានរកមេធាវីដើម្បីប្រមូលភស្តុតាង និង កំពុងរៀបចំដាក់ពាក្យបណ្តឹងដល់អ្នកផ្សាយមិនពិត ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ Dilraba៕