តារាប្រុស Pete ចេញមុខបញ្ជាក់រឿងកំពុងល្បីថាកូនស្រីមានស្នេហាជាមួយកូនប្រុស Fluke
កាលពីពេលថ្មីៗនេះ មហាជនហាក់ចាប់ក្រសែភ្នែកមើលមិនហ៊ានប្រិចភ្នែកឡើយ ខណៈឃើញកូនប្រុសតែម្នាក់របស់ Fluke គឺកំលោះ Achi មានទំនាក់ទំនងស្និទ្ធស្នាលខ្លាំងជាមួយកូនស្រីតារាប្រុស Pete Thongchua រហូតនៅថ្ងៃឆ្លងឆ្នាំ Achi និង Miya បានកាន់ដៃគ្នាជួបជុំគ្រួសារយ៉ាងបើកចំហថែមទៀតផង។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវផ្ទុះការសង្ស័យពីទំនាក់ទំនងរបស់ Achi និង Miya នេះដែរ មកទល់ពេលនេះហើយក៏នៅតែជាប្រធានបទក្ដៅ និង ធ្វើឱ្យមហាជនគិតថា អ្នកទាំងពីរប្រាកដជាមានទំនាក់ទំនងស្នេហានឹងគ្នា រហូតធ្វើឱ្យឪពុកខាងស្រីចេញមុខបញ្ជាក់បន្ថែមចំពោះរឿងនេះ។
ក្នុងនោះតារាប្រុស Pete Thongchua ឪពុករបស់ Miya បានចេញមុខបកស្រាយជុំវិញទំនាក់ទំនងកូនស្រី និង កំលោះ Achi ថា កូនស្រីរបស់លោកជាមួយ Achi ជាមិត្តនៅក្នុងក្រុមតែមួយ ហើយតែងតែទៅណាមកណាជាមួយក្រុមមិត្តជិតស្និទ្ធ ជប់លាងជាមួយគ្នារហូត។
លើសពីនេះទៅទៀត Pete Thongchua ក៏បានបន្ថែមទៀតថា ពេលនេះកូនស្រីរបស់លោកក៏ស្ថិតនៅក្រោមការមើលថែរបស់លោកដែរ មានរឿងអ្វីកូនស្រីតែងតែព្រឹក្សាជាមួយលោកគ្រប់ពេល ហើយការដែលកូនស្រីរបស់លោកស្និទ្ធស្នាលជាមួយកូនប្រុសអ្នកសិល្បៈដែលលោកស្គាល់ក៏គ្មានអ្វីខុសធម្មតាដែរ ពោលគឺ ប្រសើរជាជាងស្និទ្ធស្នាលជាមួយមនុស្សដែលលោកមិនស្គាល់៕