ស្មានមិនដល់! អេដវីន ទម្លាយធ្លាប់ចង់គិតខ្លី ពេលជីវិតជួបបញ្ហាច្រើនខ្លាំងពេក
ឆ្នាំចាស់ ២០២២ ផ្លាស់ចូលឆ្នាំថ្មី ២០២៣ តារាសម្ដែងប្រុសរូបសង្ហា អេដវីន បានធ្វើឱ្យមហាជនអ្នកគាំទ្រស្រឡាំងកាំងជាខ្លាំង ក្រោយលោកទម្លាយដោយមិនលាក់បាំងថាលោកធ្លាប់ចង់គិតខ្លី ក្រោយប្រឈមនឹងបញ្ហាក្នុងជីវិតច្រើនខ្លាំងពេក។
អេដវីន រៀបរាប់នៅលើគណនីហ្វេសប៊ុកឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងថា ៖ «អរគុណ 2022 ដែលធ្វើឱ្យខ្ញុំក្លាយជាមនុស្សថ្មីនូវឆ្នាំ 2023 ទទួលស្គាល់ថាក្នុងឆ្នាំនេះខ្ញុំបានជួបរឿងរ៉ាវបញ្ហាច្រើនមែនទែននៅក្នុងជីវិត ហើយខ្ញុំក៏អាចជម្នះវាបានយ៉ាងល្អ វាមានរឿងរ៉ាវច្រើនណាស់ដែលខ្ញុំជួបសឹងថាមិនអាចនឹកស្មានដល់ រហូតពេលខ្លះចង់គិតខ្លីក៏មាន តែមកដល់ពេលនេះទើបខ្ញុំដឹងថា រឿងរ៉ាវដែលវាកើត សុទ្ទសឹងតែ ព្រហ្មលិខិតរៀបចំរួចទៅហើយ គឺតម្រូវឱ្យយើងជួប ទោះបីយើងចង់គេចក៏វានៅតែជួប»។
ប្រុសស្អាតខាងលើបន្តថា ៖ «អរគុណនូវរឿងរ៉ាដែលឱ្យខ្ញុំជួបទើបធ្វើឱ្យខ្ញុំរឹងមាំដល់សព្វថ្ងៃ រឿងរ៉ាវក្នុងចិត្តដែលខ្ញុំចង់និយាយ គឺថា ខ្ញុំអរគុណ 2022 ដែលឱ្យខ្ញុំរកខ្លួនខ្ញុំឃើញ ជឿទៅ អ្នកណាក៏មានអតីតកាលដែរ តែបើយើងនៅតែខ្វល់នឹងរឿងអតីតកាល យើងមិនអាចរកអនាគតកាលឃើញនោះទេ 2022 អ្នកណាក៏មានបញ្ហាដែរ តែត្រូវចាំរាល់បញ្ហាសុទ្ធសឹងតែមានដំណោះស្រាយ 2022 អ្នកណាក៏ចេះពិបាកចិត្តដែរ តែសួរខ្លួនឯង តើយើងរស់នៅក្នុងជីវិតឱ្យដូចក្នុងឆ្នាំ 2022 ទៀតទេ ចម្លើយអាចនឹងមានក្នុងចិត្តអ្នក សម្រាប់ខ្ញុំ ខ្ញុំអរគុណ អតីតកាល អរគុណរាល់បញ្ហា ឧបសគ្គ និង រឿងលំបាកទាំងឡាយ ដែលធ្វើឱ្យខ្ញុំជោគជ័យយកឈ្នះសឹងតែពាក់កណ្តាលជីវិតរបស់ខ្ញុំ ធ្វើឱ្យខ្ញុំទទួលបាននូវអ្វីដែលល្អ និង បាត់បង់នូវអ្វីដែលអាក្រក់ដូចគ្នា ខ្ញុំនៅតែជាខ្ញុំ ខ្ញុំមិនខ្លាចនូវអ្វីដែលគេកំពុងគិតអាក្រក់ចំពោះខ្ញុំនោះទេ ខ្ញុំនៅតែញញឹមចំពោះអ្នក រីករាយឆ្នាំថ្មីអ្នកទាំងអស់គ្នា សង្ឃឹមថាកុំស្ពាយសម្ពាធពីឆ្នាំចាស់ចូលមកឆ្នាំថ្មីអីណា ឆ្នាំថ្មី ពេលភ្ញាក់ឡើងថ្ងៃថ្មី ហើយប្រាប់ខ្លួនឯងថា កុំចុះចាញ់ ឱកាសនៅតែមាន គ្រប់ពេលវេលា»។
ប្រិយមិត្តអ្នកគាំទ្រតារាសម្ដែង អេដវីន ច្បាស់ជាជ្រាបហើយថា កន្លងមកលោកធ្លាប់ជួបព្យុះភ្លៀងក្នុងជីវិតផ្ទួនៗច្រើនកម្រិតណា រហូតធ្លាប់ជាប់ពន្ធនាគារទៀតផង តែរឿងដែលមហាជននឹកស្មានមិនដល់នោះ គឺមិនស្មានថាលោកធ្លាប់ចង់គិតខ្លីទាល់តែសោះ៕