ត្រៀមៗហ្វេនៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយថ្ងៃច្បាស់ៗមកខ្មែរហើយ គឺនៅថ្ងៃប៉ុណ្ណេះក្នុងខែមករា
ទីបំផុតស្រីស្អាតគ្រងមកុដ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំណត់ពេលវេលាច្បាស់លាស់វិលត្រឡប់មកមាតុប្រទេសវិញហើយ ក្រោយចាកចេញទៅប្រកួតកម្មវិធី MGI 2022 និង ទទួលបានជ័យលាភីលំដាប់រងទី ៥ ក្នុងកម្មវិធី Miss Grand International 2022 ព្រមទាំងបន្តការងារដ៏មមាញឹកនៅប្រទេសថៃរយៈពេលខ្ទង់ ៣ ខែ។
តាមការបញ្ជាក់ពីកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្ទាល់ ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកបានឱ្យដឹងថា កញ្ញានឹងធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោងប្រមាណជាខ្ទង់ ៧ និង ៣៥ នាទីយប់។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា ៖ «នាងខ្ញុំសូមមកធ្វើការបញ្ជាក់ពីព័ត៌មានអំពីការហោះហើរវិលត្រឡប់មកកម្ពុជាវិញ🇰🇭 គឺនាងខ្ញុំវិលត្រឡប់មកកម្ពុជានៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ នៅវេលាម៉ោង ៦ និង ២៥ នាទីល្ងាច នាងខ្ញុំនឹងធ្វើការហោះហើរចាកចេញពីទីក្រុងបាងកក អាកាសយាន្តដ្ឋានអន្តរជាតិសុវណ្ណភូមិ មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមកដល់វេលាម៉ោង ៧ និង ៣៥ នាទីយប់»។
ក្នុងនោះ MGC 2022 រូបនេះថែមទាំងបានទម្លាយពីអារម្មណ៍ផ្ទាល់ខ្លួនទៀតថា ៖ «ចង់ប្រាប់ថានឹកប្រទេសកម្ពុជា នឹកប្រជាជនខ្មែរ នឹកអាហារខ្មែរ នឹកគ្រប់យ៉ាងជាខ្មែរ ចាំជួបគ្នានៅព្រលានទាំងអស់គ្នាណា កំឡុងម៉ោង ៨ យប់ សង្ឃឹមថាបានជួបពុកម៉ែបងប្អូន ពិសេសអ្នកគាំទ្រជាទីស្រឡាញ់របស់នាងខ្ញុំ ពីមុនថាចង់ឱ្យគេមកខ្មែរ ឥលូវគេមកហើយណា អរគុណ»៕