ផ្អើលថា ទូច ស្រីល័ក្ខ ចូលរោងការ តែតាមពិតជាពិធីមង្គលមនុស្សសំខាន់របស់នាងទេ
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញអ្នកមេម៉ាយចាយរាយ ទូច ស្រីល័ក្ខ បង្ហាញរូបធៀបមង្គលការសម្រាប់អញ្ជើញភ្ញៀវ ហើយភ្ជាប់នូវ Caption ថា ៖ «ធៀបការត្រូវបានបញ្ចប់នៅក្នុងនេះ អរគុណភ្ញៀវដែលមានវត្តមាននៅថ្ងៃខាងមុខឆាប់ៗនេះ»។
ការបង្ហោះរបស់តារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនផ្ទុះការយល់ច្រឡំ ដោយនាំគ្នាគិតថាគឺជាមង្គលការរបស់នាង ប៉ុន្ដែតាមការពិត នោះគឺជាកម្មវិធីមង្គលការរបស់ប្អូនស្រីនាងទៅវិញទេ។
ក្រោយឃើញមានការយល់ច្រឡំជាច្រើនពីមហាជន ស្រាប់តែអ្នកម៉ាក់កូនមួយ ទូច ស្រីល័ក្ខ បានបង្ហោះសារថ្មីមួយទៀត ដោយនាងបានអះអាងច្បាស់ៗថា ៖ «ចង់និយាយថាខ្ញុំមិនបានចូលរោងការជាមួយបុរសណាទេ ម៉ែអាចអត់ប្តីបាន តែម៉ែមិនអាចអត់កូនបានឡើយ កូនកាន់តែធំម៉ែកាន់តែបារម្ភគ្រប់យ៉ាង និង គ្រប់ពេលការរៀនសូត្ររបស់កូន ម៉ែស្រឡាញ់កូន ម្ចាស់បេះដូងម៉ែ ម្ចាស់ជីវិត»។
តាមការអះអាងរបស់ ទូច ស្រីល័ក្ខ បានបញ្ជាក់យ៉ាងច្បាស់ហើយថា នាងរស់នៅស្ពាយឈ្មោះជាស្រ្តីមេម៉ាយបាន ប៉ុន្ដែនាងមិនអាចរស់នៅគ្មានកូនប្រុសបានឡើយ៕