មេម៉ាយហាយសូរ! ជិតចូលឆ្នាំ ២០២៣ Pat Napapa ទិញឡានថ្មីសន្លាងជាកាដូឱ្យខ្លួនឯង
កន្លងមកមហាជនតែងតែឃើញថា Pat Napapa ជាតារាស្រីម្នាក់ដែលពូកែវោហារ ក្រមិចក្រមើម ហើយរាល់កម្មវិធី ដែលមានវត្តមានតារាស្រីរូបនេះ កម្មវិធីនោះតែងមានភាពរីករាយជានិច្ច។ លើសពីនោះ Pat Napapa ក៏ជាតារាស្រីម្នាក់ដែលមហាជនតែងស្ញើចសរសើរនូវភាពអត់ធន់ និង ការតស៊ូព្យាយាមបីបាច់ចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងល្អ។
យ៉ាងណាមិញ បើនិយាយពីជីវិតក្រៅឆាករបស់តារាស្រីជួរមុខរូបនេះ វាពុំរីករាយខ្លាំងដូចដែលមហាជនធ្លាប់បានឃើញឡើយ នាងជាស្រី្តមេម៉ាយមានកូនម្នាក់ក្នុងបន្ទុកបន្ទាប់ពីបែកបាក់ស្វាមី។ មិនត្រឹមតែមានកូនជាបន្ទុកទេ តារាស្រីរូបនេះក៏មានម្ដាយចាស់ជរា និង បងស្រី ដែលត្រូវមើលថែផងដែរ។ ជារៀងរាល់ថ្ងៃ Pat Napapa តែងតែដើរតួជាកូនល្អផង និង ជាម្ដាយល្អផង នាងត្រូវទទួលរាប់រងភារៈទាំងមូលក្នុងគ្រួសារ។
ដ្បិតតែទទួលបន្ទុកគ្រួសារច្រើនក៏ពិតមែន តែតារាស្រីរូបនេះមិនត្អូញត្អែរពីភាពលំបាករបស់ខ្លួនឡើយ នាងមានតែខិតខំប្រឹងប្រែងធ្វើការរកលុយ មើលថែកូន និង ម្តាយរហូតមានជីវភាពល្អប្រសើរ ថែមទាំងចាយជីវិតហ៊ឺហារថែមទៀតផង។ តួយ៉ាងថ្មីៗនេះ គេឃើញអ្នកមេម៉ាយហាយសូរ Pat បានទិញរថយន្តថ្មីសន្លាងមួយគ្រឿងជាកាដូសម្រាប់ខ្លួនឯងក្នុងឆ្នាំថ្មី។ ជាមួយនឹងការចេញមកបង្ហោះរថយន្តទំនើបថ្មីនេះ គេឃើញថាមានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិអបអរព្រោងព្រាតដល់នាង៕