អស់ពី Gigi ឥលូវ Leonardo មកជាប់អាស្រូវស្នេហានឹងតារាស្រីម្នាក់ទៀត អាយុប្អូនលោក ២៥ ឆ្នាំ
តារាសម្ដែងជើងចាស់មុខមានមន្តស្នេហ៍ Leonardo DiCaprio ថ្មីៗនេះ កំពុងជាប់ចចាមអារ៉ាមស្នេហាជាថ្មី ជាមួយនឹងតារាស្រីក្មេងវ័យ ២៣ ឆ្នាំ Victoria Lamas។
តាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា តារាមួយគូនេះ ត្រូវបានប្រទះឃើញទៅញ៉ាំអាហារពេលយប់ជាមួយគ្នានៅ Hollywood កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ ក្រោយមក ពួកគេបានចាកចេញពីភោជនីយដ្ឋានមួយម្នាក់ម្ដងៗ រួចដើរចូលទៅក្នុងឡានមួយជាមួយគ្នា។
តារាស្រី Victoria Lamas គឺជាកូនស្រីរបស់តារាសម្ដែង Lorenzo Lamas។ តារាស្រីរូបនេះ បានដើរតាមគន្លងរបស់ឪពុក ឈានជើងចូលវិស័យសិល្បៈសម្ដែង ដោយរូបនាងធ្លាប់បានបង្ហាញខ្លួនក្នុងភាពយន្តមួយចំនួនដូចជា រឿង «The Last Thing the Earth Said» «Two Niner» និង «A Virtuous Role» ជាដើម។
គួរបញ្ជាក់ផងដែរថា មុនផ្ទុះចចាមអារ៉ាមទាក់ទងតារាស្រីវ័យ ២៣ ឆ្នាំខាងលើ តារាប្រុសវ័យ ៤៨ ឆ្នាំរូបនេះ កាលពីពេលថ្មីកន្លងទៅ ក៏ជាប់រឿងអាស្រូវស្នេហាជាមួយអ្នកម៉ាក់កូនមួយ Gigi Hadid ផងដែរ ក្រោយពួកគេទាំង ២ ត្រូវបានប្រទះឃើញដើរលេងជាមួយគ្នាជាច្រើនលើក។ ទោះជាយ៉ាងណា បើតាមប្រភពជិតស្និទ្ធមួយថ្លែងប្រាប់សារព័ត៌មាន People ថា Gigi និង Leonardo គឺរីករាយក្នុងការចំណាយពេលជាមួយគ្នា ប៉ុន្តែពួកគេទាំងពីរ មិនដែលគិតថា នឹងមានទំនាក់ទំនងជាក់លាក់ជាមួយគ្នានោះឡើយ៕