Bow ក្ដៅឆេវឡើង លូកមាត់វឹងពេលឃើញគេរិះគន់ Alek រឿងមិនឱ្យអ្នកគាំទ្រចាប់ដៃ
ចាប់តាំងតែប្រកាសជាធារណៈថា ខ្លួនកំពុងមានទំនាក់ទំនងជាមួយតារាសម្ដែងស្រី Bow Maylada មក តារាសម្ដែងប្រុសថ្ពាល់ខួច Alek Teeradetch កាន់តែទទួលបានការគាំទ្រ និង ស្រឡាញ់ពីសំណាក់មហាជនច្រើនជាងមុន។ ក្នុងនោះ អ្វីដែលគួរចាប់អារម្មណ៍ចំពោះទំនាក់ទំនងស្នេហារវាង Alek និង Bow ជាគូស្នេហ៍ដែលល្អូកល្អិនខ្លាំង ព្រមទាំងតែងបង្ហាញសកម្មភាពស្នេហាលើបណ្ដាញសង្គមអ៊ីនស្តាក្រាម និង ហ្វេសប៊ុកមិនដែលដាច់ឡើយ។
ដោយឡែក ថ្មីៗនេះ អ្នកកំលោះ Alek ស្រាប់តែត្រូវបានមហាជនផ្ទុះការជជែកវែកញែក និង រិះគន់យ៉ាងចាស់ដៃថាជាមនុស្សបានល្បីហើយឆ្មើងកន្ទ្រើងដាក់អ្នកគាំទ្រ។ មិនតែប៉ុណ្ណោះ គេឃើញថា មានអ្នកនិយមលេងបណ្ដាញសង្គម Tik Tok ម្នាក់ បានបង្ហោះវីដេអូតារាប្រុស Alek បដិសេធជាមួយនឹងអ្នកគាំទ្រ ខណៈដែលអ្នកគាំទ្រសុំចាប់ដៃ ដោយ Alek និយាយថា ដៃរបស់លោកសើមមិនអាចចាប់ដៃបានឡើយ។ ក្រោយវីដេអូនោះត្រូវបានចែកចាយ គេឃើញថា មានមហាជនមួយចំនួនធំ បានចូលទៅបញ្ចេញមតិដាក់ចំៗ ទៅកាន់ប្រុស Alek ថា ជាទង្វើមិនស័ក្តិសម ព្រោះបានបង្ហាញពីអត្តចរិតឆ្មើងឆ្មៃដាក់អ្នកគាំទ្ររបស់ខ្លួន ក្នុងនាមជាតារាជួរមុខម្នាក់។
ងាកទៅមើល តារាស្រី Bow Maylada ដែលជាសង្សាររបស់អ្នកកំលោះ Alek ឯណេះវិញ ក្រោយពីមានមហាជនរិះគន់សង្សារបែបនោះ ថ្មីៗនេះ នាងក៏បានចេញមកទម្លាយអារម្មណ៍ការពារសង្សារបណ្ដូលចិត្ត ដោយបានលើកឡើងថា ៖ «បើថាតារាប្រុស Alek ឆ្មើងឆ្មៃទៀតនោះ ច្បាស់ជាក្នុងរង្វង់សិល្បៈនេះ គ្មានមនុស្សល្អឡើយ។ នាងបានឃើញឃ្លីបវីដេអូហើយ ដោយក្នុងឃ្លីបនោះ Alek បានប្រាប់ហើយថា ដៃរបស់គាត់សើម ព្រោះគាត់ក្រែងចិត្តអ្នកគាំទ្រ និង មិនចង់ឱ្យប្រឡាក់ដៃ ម្យ៉ាងអ្វីដែលសំខាន់គឺ គាត់ធ្វើបែបនោះ ក្នុងបំណងល្អទេ»។
លើសពីនោះ តារាស្រី Bow ក៏បានបញ្ជាក់ច្បាស់ៗថា តារាប្រុស Alek មិនមែនជាមនុស្សឆ្មើងឆ្មៃក្រអឺតក្រទមអ្វីឡើយ ហើយនាងជឿថា ឱកាសក្រោយអ្នកគាំទ្ររូបនោះ នឹងបានចាប់ដៃជាមួយនឹងតារាប្រុស Alek ជាក់ជាមិនខាន៕