មហាជននិយមតាមដានវិស័យចម្រៀងរ៉េបនៅកម្ពុជា ច្បាស់ជាបានជ្រាបមកហើយថា ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះកក្រើកជាថ្មី ក្រោយពីតារាចម្រៀងរ៉េប វណ្ណដា បានប្រកាសថាលោកនឹងបោះចោលរាល់បទចម្រៀងដែលបានបែកធ្លាយដល់ទៅមួយ Folder និង បានបង្ហាញនូវអារម្មណ៍ដ៏សោកស្តាយខ្លាំងណាស់ផងដែរ។ យ៉ាងណាមិញ ក្នុងនោះ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ លោក សង្ហា ដែលជាអ្នកនិពន្ធ អ្នកចម្រៀង និង ជាមិត្តដ៏ស្និទ្ធស្នាលបំផុតរបស់ វណ្ណដា ក៏បានបង្ហាញអារម្មណ៍សោកស្តាយខ្លាំងដូចគ្នាដែរ នៃការធ្វេសប្រហែស ការជឿជាក់ និង ផ្តល់ឱកាសដល់មនុស្សខុសទើបធ្វើឱ្យចម្រៀងទាំងនោះត្រូវបានបែកធ្លាយឡើង។
យ៉ាងណាមិញ អ្វីដែលកាន់តែភ្ញាក់ផ្អើលបំផុតនោះ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ សង្ហា បានប្រកាសជាសាធារណៈថាលោក បានសម្រេចចិត្តលាឈប់ពីផលិតកម្ម Baramey និងសម្លាញ់វណ្ណដាហើយ។ លោកបានសរសេររៀបរាប់លើបណ្ដាញសង្គមថា៖ «ខ្ញុំសូមបព្ចាក់អ្នកទាំងអស់គ្នា និងបងប្អូនសិល្បះករទាំងអស់គ្នាផង។ ខ្ញុំបាទ ណុំ ចាន់រតនៈ ហៅសង្ហា បានសម្រេចចិត្តរួមដំណើរ ជាមួយក្រុមហ៊ុនGalaxy Navatra តែមួយគត់ ចាប់ពីពេលនេះតទៅដោយសម្រេច លាឈប់ពីផលិតកម្ម Baramey និងសម្លាញ់វណ្ណដា មកបំពេញតួនាទីជាអ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម Galaxy Navatra ផ្ដាច់មុខ។ ហើយកុងត្រាជាអ្នកចម្រៀងរបស់ខ្ញុំនៅ ផលិតកម្មបារមីនឹងត្រូវបានចប់នៅក្នុងឆ្នាំនេះហើយ ។ សារដែលខ្ញុំបានសរសេរម្សិលមិញ គោលបំណងតែមួយគត់ គឺខ្ញុំចង់បង្ហាញនូវទំនួលខុសត្រូវរបស់ខ្ញុំរវាងក្រុមហ៊ុនចាស់ដែលខ្ញុំបានបង្កឲ្យមានកំហុសដោយអចេតនា ហើយខ្ញុំពេញចិត្តចូលរួមសហការតាមវិធានការរបស់ក្រុមហ៊ុនបារមីចាត់ចែង»។
មិនដល់ត្រឹម ១ ម៉ោង បន្ទាប់ពីការបង្ហោះសារ ប្រកាសជាសាធារណៈនេះ វណ្ណដា ដែលជាកំពូលតារាចម្រៀងរ៉េបមួយរូប និង ជាមិត្តសម្លាញ់របស់ សង្ហា បានចែករំលែកសាររបស់សង្ហា និង សរសេរពីពាក្យពេចន៍ក្នុងចិត្តមួយចំនួន ជាសារចេញពីចិត្តជូនចំពោះ សង្ហា ដោយបានរៀបរាប់ថា៖ «Dear សង្ហា សមាជិកគ្រួសារ និង មិត្តសម្លាញ់ ពួកយើងដើរបានឆ្ងាយណាស់ ឆ្ងាយរហូតយើងតែងតែសួរគ្នាថា «យើងអាចមានថ្ងៃនេះដែរ?» ពួកយើងបានចាប់ផ្តើមពីចំណុចសូន្យជាមួយគ្នា បាយមួយប្រអប់ហូបពីរនាក់ ខោអាវពាក់ដែលគ្នា សើចជាមួយគ្នា យំជាមួយគ្នា ឈឺចាប់រួមគ្នា ហ៊ានស្លាប់មិនហ៊ានក្បត់ ជាមនុស្សម្នាក់ដែលខ្ញុំអោយតម្លៃ និងស្រឡាញ់បំផុតក្នុង Industry
ថ្ងៃនេះ ជាថ្ងៃដែលយើងត្រូវឈឺម្តងទៀត ទាំងដែលបេះដូងយើងទាំង ២ នាក់មិនទាន់នឹងព្យាបាល ប៉ុន្តែដើម្បីតម្លាភាព និង ទំនួលខុសត្រូវ គឺតម្រូវអោយយើងត្រូវធ្វើការសម្រេចចិត្តក្នុងនាមជាសិល្បៈករ ពួកយើងហត់ច្រើនហើយសម្លាញ់ ហើយការពិតដែលមិនអាចច្រានចោល គឺយើងបានបង្កើតប្រវត្តិសាស្រ្តតន្រ្តីរួមគ្នាជាច្រើន នៅក្នុងទសវត្សមួយនេះ ក្នុងការលើកមុខមាត់ជាតិអោយឈរលើតារាងអន្តរជាតិ។ អ្នកពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ។
ជូនពរសម្លាញ់សម្រេចគ្រប់ភារកិច្ចនាពេលខាងមុខ មិត្តភាពរវាងយើងគ្មានអ្វីអាចបំបែកបានឡើយ
សង្ហា superstar, Love you My twin»៕