ស្រីស្រស់ Natalie Tong ធ្លាប់ផ្ទុះរឿងចចាមអារ៉ាមស្នេហ៍ជាមួយតារាប្រុស ២ រូប
Natalia Tong តារាសម្ដែងរូបស្រស់មួយរូបប្រចាំស្ថានីយទូរទស្សន៍ TVB ដែលប្រិយមិត្តកម្ពុជាភាគច្រើន ប្រាកដណាស់ជាបានស្គាល់រូបនាង តាមរយៈការសម្ដែងក្នុងខ្សែភាពយន្តភាគហុងកុងល្បីៗជាច្រើននោះ។ តារាស្រីញញឹមស្រស់រូបនេះ មិនត្រឹមតែទទួលបានការកោតសរសើរចំពោះរូបសម្រស់ដ៏ស្រស់ស្អាតមានមន្តស្នេហ៍របស់នាងប៉ុណ្ណោះទេ ប៉ុន្តែរូបនាង ក៏ទទួលបានប្រជាប្រិយភាពលើទេពកោសល្យសម្ដែងយ៉ាងប៉ិនប្រសប់ មិនថាជារឿងទម្រង់បែបមនោសញ្ចេតនាស្នេហា ឬ បែបក្បាច់គុណ បាញ់បោះនោះទេ គឺរូបនាងអាចសម្ដែងបានទាំងអស់មិនឱ្យទាស់ចិត្តអ្នកទស្សនាឡើយ។
ដោយឡែក ងាកមករឿងរ៉ាវជីវិតឯកជនក្រៅឆាករបស់ Natalia វិញ បច្ចុប្បន្ននេះ នាងមានវ័យ ៤១ ឆ្នាំហើយ និងនៅទុកខ្លួនឱ្យនៅទំនេរនៅឡើយ។ ទោះជាយ៉ាងណាកន្លងមក មុនចាយជីវិត Single នេះ តារាស្រី Natalia ក៏ធ្លាប់ជំពប់នឹងអាស្រូវស្នេហាជាមួយតារាប្រុសហុងកុងល្បី ២ រូបផងដែរ។
១. តារាសម្ដែង Kenneth Ma
កាលពីអំឡុងឆ្នាំ ២០២០ តារាសម្ដែង Natalia Tong និង Kenneth Ma បានរងពាក្យចចាមអារ៉ាមជាច្រើនថា មានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយសារតែសង្កេតឃើញពីភាពស្និទ្ធស្នាលរវាងតារាប្រចាំ TVB ២ រូបនេះ ហាក់បង្ហាញឱ្យឃើញថាលើសពីមិត្តភាពមិត្តរួមអាជីព។ ជាមួយនឹងពាក្យចចាមអារ៉ាមទាំងនេះ ខាងសាម៉ីខ្លួនទាំង ២ មិនបានធ្វើការឆ្លើយតប ឬ បដិសេធអ្វីនោះឡើយ រហូតដល់ពេល Kenneth Ma ប្រកាសមានទំនាក់ទំនងផ្លូវការជាមួយតារាសម្ដែង Roxanne Tong ដែលជាមិត្តស្រីរបស់លោកបច្ចុប្បន្ននេះ។
២. តារាសម្ដែង Philip Ng
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងស្រី Natalia Tong បានរងអាស្រូវស្នេហាជាថ្មី ដោយលើកនេះ មហាជនសង្ស័យថានាង និង តារាប្រុស Philip Ng មានសម្ព័ន្ធភាពស្នេហានឹងគ្នា ក្រោយចាប់បានដំរួយមួយចំនួន។ តាមការចេញផ្សាយលើ Mingpao ចចាមអារ៉ាមស្នេហារវាងតារាប្រុសស្រី ២ រូបនេះ កើតមានឡើង ក្រោយ Natalia ប្រទះឃើញបើកឡានទៅទទួល Philip ចេញពីកម្មវិធីមួយក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់។
តាមព័ត៌មានបានឱ្យដឹងទៀតថា Natalia ក៏បានបើកឡានចេញទៅ មុនពេលដាក់ Philip ឱ្យចុះនៅស្ថានីយរងភ្លើងក្នុងតំបន់ Tseung Kwan O ក្រោយពួកគេចាប់អារម្មណ៍ថា មានអ្នកប្រមាញ់រូបតាមដានពួកគេ។ ទោះជាយ៉ាងណា ក្រោយអាស្រូវស្នេហាមួយនេះកាន់តែសាយភាយ Natalia ក៏បានចេញមុខបញ្ជាក់ច្បាស់ៗ បដិសេធម៉ាត់ៗថា នាង និង Philip គឺមិនមានទំនាក់ទំនងអ្វីលើសពីមិត្តភក្ដិនោះឡើយ៕