កៀកថ្ងៃសម្រាលមែនទែន កែវ ចាន់និមល ត្អូញត្អែរថាប្រុសៗគ្មានថ្ងៃយល់ពីការលះបង់របស់ម្ដាយ
ធ្មេចបើកៗ នៅខ្វះប្រមាណជា ១ ខែទៀតប៉ុណ្ណោះ កែវ ចាន់និមល នឹងទទួលបានសមាជិកថ្មី ដែលជាកូនប្រុសចូលមកក្នុងគ្រួសារហើយ។
អំឡុងពេលរង់ចាំថ្ងៃសម្រាលមកដល់នេះ កែវ ចាន់និមល និង ស្វាមី ព្រមទាំងគ្រួសារនាងទាំងមូល បង្ហាញអារម្មណ៍រំភើប និង អន្ទះសាចង់ឃើញមុខកូនប្រុសដែលជាតំណក់ឈាមទី ២ របស់ពួកគេជាខ្លាំង ព្រោះថាសូម្បីតែឈ្មោះអ្នកប្រុសតូចរូបនេះក៏ពិធីការិនីខាងលើបានដាក់រួចរាល់ហើយដែរ ដោយហៅគេថា ចេស្ដា។
យ៉ាងណាមិញខណៈថ្ងៃសម្រាលកាន់តែកៀក ហើយទំហំពោះក៏កាន់តែធំឡើងរាល់ថ្ងៃនោះ អ្នកនាងដ៏ស្រស់ស្អាត កែវ ចាន់និមល បានបង្ហោះសារហាក់ត្អូញត្អែរនៅលើហ្វេសប៊ុកថាបុរសៗគ្មានថ្ងៃយល់ពីការលះបង់របស់ម្ដាយនៅពេលពពោះកូនក្នុងផ្ទៃឡើយ។
ពិធីការិនី កែវ ចាន់និមល បានរៀបរាប់ថា ៖ «ការលះបង់របស់ម្តាយគ្រប់រូបអំឡុងពេលពពោះ ប្រុសៗគ្មានថ្ងៃយល់ឡើយ បាត់បង់សម្រស់ ស្បែកស្រអាប់ មុខស្លក់ ធាត់លែងមានរាង… តែគ្រប់យ៉ាងឱ្យតែយើងមិនបោះបង់ខ្លួនឯង ហើយរីករាយទទួលនូវអ្វីដែលយើងមាន នោះអ្នកម្តាយគ្រប់រូបនឹងពេញចិត្តដោយមោទកភាព ទោះដឹងថាមិនដូចមុនតែម៉ាក់នៅតែពេញចិត្តរង់ចាំការមកដល់របស់កូន»៕