អាណិតណាស់! សឿ សុធារ៉ា ជូនពរអ្នកជួយថវិកាធ្វើបុណ្យជូនម្ដាយ កុំឱ្យអភ័ព្វដូចនាង
ប្រិយមិត្តភាគច្រើនបានជ្រាបហើយថា ចាប់តាំងពីម្ដាយតារាសម្ដែង សឿ សុធារ៉ា បានទទួលមរណភាពកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ គេឃើញវត្តមានលោក សាវិន ហ្វីលីព បានទៅដល់ទីតាំងតម្កល់សពមុនអ្នកសិល្បៈផ្សេងៗ ហើយលោកក៏បានជួយដុតដៃដុតជើង ដូចជាថតវីដេអូបង្ហាញពីស្ថានភាពដ៏លំបាករបស់អ្នកនាង សឿ សុធារ៉ា ដល់ថ្នាក់គ្មានលុយសម្រាប់ធ្វើបុណ្យជូនម្ដាយ។
ក្រោយលោក សាវិន ហ្វីលីព យកវីដេអូបង្ហាញពីស្ថានភាពលំបាកគ្មានទីពុំនាក់ក្នុងជីវិត ម្ដាយក៏មរណភាព ស្វាមីក៏បម្រុងលែងលះគ្នា ណាមួយមានឪពុកចាស់ជរា ហើយត្រូវចិញ្ចឹមកូនៗទាំង ២ ទៀតនោះ ធ្វើឱ្យផ្ទុះការអាណិតអាសូរពីសំណាក់អ្នកសិល្បៈដូចគ្នា និង មហាជនជាច្រើន បាននាំគ្នាចែករំលែកវីដេអូនោះតៗគ្នា ហើយក៏មានសប្បុរសជនជាច្រើនបានចូលបុណ្យម្ដាយនាងតាមសទ្ធាជ្រះថ្លាបន្តបន្ទាប់ ធ្វើឱ្យនាងទទួលបានថវិកាគ្រប់គ្រាន់ដើម្បីធ្វើបុណ្យជូនម្ដាយ។
ទង្វើរបស់ សាវិន ហ្វីលីព និង ភរិយាចំពោះអ្នកនាង សឿ សុធារ៉ា ក្នុងគ្រាដល់លំបាកនេះ បានធ្វើឱ្យនាងដឹងគុណដ៏ធំធេងមួយនេះមិនអាចបំភ្លេចបាន។ ក្នុងនោះនាងក៏បានបង្ហោះសារជូនពរអ្នកបានផ្ញើលុយចូលបុណ្យសពម្ដាយនាង កុំឱ្យជួបវាសនាអភ័ព្វដូចនាងថា ៖ «ប្អូនសូមអរគុណដល់បងប្រុស Savin Phillip និង ឧត្តមភិរិយា Chhorvy Sem ដែលជួយប្អូនក្នុងគ្រាដ៏មហាកម្សត់នេះ បងប្រុសបានជួយមកថតប្អូនដើម្បីឱ្យបងប្អូនជួយផ្ញើលុយឱ្យប្អូនមានលុយធ្វើបុណ្យជូនម៉ែ ប្អូនអរគុណបងណាស់ សូមកុសល្យផលបុណ្យដែលបងប្រុសបានជួយប្អូន និង បងប្អូនដែលជួយផ្ញើលុយឱ្យប្អូនបានធ្វើបុណ្យម៉ែ សូមអ្នកទាំងអស់គ្នាមានសុខភាពល្អ និង ជោគជ័យក្នុងជីវិត កុំបីអភ័ព្វដូចនាងខ្ញុំ»៕