ទោះផ្អាកសិល្បៈមួយរយៈ ក៏តារាហុងកុង Louis Koo សោយសុខលើកគំនរទ្រព្យវាល់លាន
យោងតាមការចុះផ្សាយរបស់ Sina កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កំពូលតារាសម្ដែងហុងកុង Louis Koo ក្រោយពេលចូលវ័យ ៥២ឆ្នាំ តារាប្រុសរូបនេះ ស្រាប់តែប្រកាសនៅលើបណ្តាញសង្គមរបស់គាត់ថា គាត់នឹងចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសារ ដោយទុកការងារក្នុងសិល្បៈទាំងអស់មួយរយៈសិន។
យ៉ាងណាមិញ ក៏មានសារព័ត៌មានមួយចំនួនរបស់ហុងកុងបានចុះផ្សាយថា Louis Koo កំពុងមានជំងឺបំពង់-ក ដែលអាចប៉ះពាល់ដល់សុខភាពរបស់លោកបាន ម្យ៉ាងទៀតពេលនេះ លោកក៏ដល់អាយុចូលនិវត្តន៍ផងដែរ។ ប៉ុន្តែ តារាហុងកុងជើងចាស់រូបនេះ បានចេញមកបកស្រាយអំពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់លោកហើយ ដោយមិនឱ្យទស្សនិកជនមានការបារម្ភខ្លាំងពេកនោះទេ។
ក្នុងនោះ លោក Louis Koo បាននិយាយថា៖ «ច្រើនឆ្នាំមកហើយ ខ្ញុំមានជំងឺបំពង់-ក និង បានវះកាត់ជាសះស្បើយហើយរហូតមកដល់ពេលនេះ ប៉ុន្តែខ្ញុំគ្រាន់តែចង់ថែសុខភាពបន្ថែម ហើយសង្ឃឹមថាអាចសម្រាកបាន ជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ»។
ទោះជាយ៉ាងណា បើតាមការបង្ហើបឱ្យដឹងអំពីទ្រព្យសម្បត្តិដែលតារាប្រុសរូបនេះបានកាន់កាប់ចំនួនលុយឈានទៅដល់ជាង ២០០លានដុល្លារអាមេរិកឯណោះ បូករួមទាំងអាជីវកម្មជាង ១០ ក្នុងវិស័យជាច្រើនរបស់លោកថែមទៀតផង។ ដូច្នេះការប្រកាសផ្អាកពីសិល្បៈរបស់តារាហុងកុង A-list ដូចជាលោក Louis Koo មិនធ្វើឱ្យទស្សនិកជនចម្លែកចិត្តនោះទេ៕