ត្រលប់ក្រោយ ២០ ឆ្នាំមុន ពិធីការិនី ៨ រូប ប្រចាំប៉ុស្តិ៍លេខ ៥ ល្បីខ្លាំងបំផុត
ជាការពិតណាស់ បើគិតមកដល់ពេលនេះ អាចនឹងមានមហាជនជាច្រើនបានភ្លេចទៅហើយនូវពិធីការិនីដ៏ល្បីល្បាញជាច្រើនរូបប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលសុទ្ធសឹងជាពិធីការិនីល្បីឈ្មោះ មានវោហារសាស័ព្ទចាក់ទឹកមិនលិច។ លើសពីនោះ បើគិតមកទល់ពេលនេះរយៈពេលប្រមាណ ២០ ឆ្នាំ ហើយ ដោយពិធីការិនីខ្លះបានបញ្ចប់អាជីពសិល្បៈចាកចេញទៅរស់នៅក្រៅប្រទេស ខ្លះទៀតកំពុងតែរស់នៅលើគំនរទ្រព្យសម្បត្តិថែមទៀតផង។
ជាក់ស្តែង ក្រឡេកមកមើលពិធីការិនីល្បីឈ្មោះ ៨ រូប ខាងក្រោមនេះ គឺសុទ្ធសឹងតែជាពិធីការិនីល្បីល្បាញប្រចាំប៉ុស្តិ៍លេខ ៥ នៅក្នុងកម្មវិធីកម្សាន្ត៖
១. ពិធីការិនី ស្រីតូច ចំណាន
អ្នកគាំទ្រនៅចាំបានថាអតីតពធីការិនី ស្រីតូច ចំណាន ដែលពេលនេះមានងារជាជំទាវក្រោយពីសាងគ្រួសារនឹងអ្នកឧកញ៉ា គិត ម៉េង នោះ គឺជាពិធីការិនីជាដៃគូនឹង ឧកញ៉ា លាន អាព្រីលគីនីន ក្នុងកម្មវិធីតន្ត្រីនាចុងសប្តាហ៍។ កាលនោះ អតីតពិធីការិនីដ៏ស្រស់សោភា ស្រីតូច ចំណាន ទទួលបានកេរ្តិ៍ឈ្មោះខ្លាំងណាស់ដែរ។
២. ពិធីការិនី យុគ ចិន្តា
ពិធីការិនីរៀមច្បង អ្នកនាង យុគ ចិន្តា ក៏ធ្លាប់ជាពិធីការិនីដ៏ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដោយកាលនោះ អ្នកនាង ជាដៃគូដ៏ស័ក្តសមនឹងលោក អ៊ិត សេដ្ឋា។
៣. ពិធីការិនី ឈិន សុធារី
ពិធីការិនី និង ជាអតីតតារាសម្តែង តារាចម្រៀង ឈិន សុធារី ក៏បានបញ្ចប់អាជីពលើវិថីសិល្បៈមកហើយដែរ ដោយបច្ចុប្បន្ន អ្នកនាងកំពុងតែរស់នៅលើគំនរទ្រព្យក្នុងនាមជាថៅកែ និង មានឈ្មោះក្នុងសង្គមផងដែរ។ អតីតពិធីការិនីប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ ៥ រូប នេះ ក៏ទទួលបានប្រជាប្រិយខ្លាំងណាស់កាលពី ២០ ឆ្នាំ មុន។
៤. ពិធីការិនី ឯម គុណកល្យា
ពិធីការិនីស្រគត់ស្រគុំ ឯម គុណកល្យា ត្រូវបានគេចាំថា អ្នកនាង បានរួមជាដៃគូលើឆាកតន្ត្រីនឹងពិធីករល្បីៗជាច្រើន។ សព្វថ្ងៃ អតីតពិធីការិនីរូបនេះ បានបញ្ចប់អាជីពសិល្បៈចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក។
៥. ពិធីការិនី ដា ម៉ាលី
អតីតពិធិការិនី អ្នកនាង ដា ម៉ាលី បានកាន់កម្មវិធីកម្សាន្តជាច្រើននៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដោយភាគច្រើនគឺជាកម្មវិធីបែបយុវវ័យ ហើយអ្នកនាងក៏បានឈរឈ្មោះជាពិធីការនីមានប្រជាប្រិយនៅក្នុងស្ថានីយទូរទស្សន៍ខាងលើនេះដែរ។ បច្ចុប្បន្ន អតីតពិធីការិនីរូបនេះក៏កំពុងរស់នៅឯសហរដ្ឋអាមេរិក។
៦. ពិធិការិនី អឿន ដាលីស
អតីតពិធិការិនី អឿន ដាលីស គឺជាដៃគូលើឆាកតន្ត្រីជាមួយនឹង លោក សុខ សិរីវឌ្ឍនា ក្នុងតន្ត្រីសម័យយុវវ័យរបស់ប៉ុស្តិ៍លេខ ៥ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។ សព្វថ្ងៃ អតីតពិធីការិនីរូបនេះបានបញ្ចប់អាជីពសិល្បៈសាងគ្រួសាររស់នៅឯប្រទេសអូស្ត្រាលី។
៧. ពិធីការិនី ឌី លីណា
មិនត្រឹមតែជាតារាសម្តែង តែអ្នកនាង ឌី លីណា ក៏ជាអតីតពិធីការិនីល្បីឈ្មោះប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ផងដែរ។ សព្វថ្ងៃអតីតពិធីការិនីរូបនេះកំពុងតែរស់នៅសហរដ្ឋអាមេរិក។
៨. ពិធីការិនី ច័ន្ទ សុផានី
អតីតពិធីការិនី ច័ន្ទ សុផានី ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីប្រមាណ ២០ ឆ្នាំ មុន លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥។ ក្រោយមកពិធីការិនីរូបនេះ ក៏បានក្តោបឱកាសជាតារាសម្តែង និង ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ជាច្រើនទៀត។ យ៉ាងណាក្រោយបែកបាក់នឹងអតីតស្វាមី គឺតារាចម្រៀង ហ្សូណូ អ្នកនាង ចាន់ សុផានី ក៏បានរស់នៅស្ងប់ស្ងាត់ឆ្ងាយសិល្បៈ ក្នុងនាមជាអ្នកម្តាយមើលថែបីបាច់កូនស្រីបណ្តូលចិត្តផងដែរ៕