ឃ្លាតពីសិល្បៈ អតីតតារាចម្រៀង អ៊ុង វលក្ខណ៍ទេវី ជោគជ័យទាំងការសិក្សា និង ការងារ
បើនិយាយដល់តារាចម្រៀង អ៊ុង វលក្ខណ៍ទេវី ប្រិយមិត្តច្បាស់ជានឹកដល់ទឹកដមសំឡេង និង ភាពល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ២០០០ ជាង ដោយកន្លងទៅនោះបទចម្រៀងជាច្រើនរបស់តារាចម្រៀងមុខមូលថ្ពាល់ប៉ោងឃ្យូតរូបនេះ តែងទទួលបានការគាំទ្រ និង និយមស្តាប់យ៉ាងច្រើនពីមហាជន ពិសេសមិត្តៗយុវវ័យ។
ចំពោះបទចម្រៀងដែល អ៊ុង វលក្ខណ៍ទេវី ផ្ទុះល្បីកាលជំនាន់ឆ្នាំនោះមានច្រើនដូចជាបទ «កុំធ្វើយ៉ាងហ្នឹង!» បទ «សុំជាតួរងក៏បាន» បទ «គ្រោះថ្នាក់បេះដូង» បទ «បេះដូងប្រមឹង» បទ «ទក់ចិត្ត» បទ «ប្រុសចិត្តរយពាន់» និង បទចម្រៀងល្បីៗជាច្រើនទៀត ដែលបទទាំងនេះបានរុញច្រានឱ្យតារាចម្រៀង អ៊ុង វលក្ខណ៍ទេវី ឡើងដល់កម្រិតល្បីទូទាំងប្រទេសកម្ពុជា ហើយរាល់បទចម្រៀងរបស់នាងក៏តែងមានអ្នកគាំទ្រលើកយកមកច្រៀងលេងកម្សន្តជាហូរហែ។
យ៉ាងណាមិញ ក្រោយពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងវិថីសិល្បៈ មិនយូរប៉ុន្មានស្រាប់តែតារាចម្រៀង អ៊ុង វលក្ខណ៍ទេវី បានស្ងប់ស្ងាត់បាត់ពីសិល្បៈឈឹងដោយគ្មានមូលហេតុ ដែលរហូតមកដល់បច្ចុប្បន្ននេះ មហាជនដែលធ្លាប់គាំទ្រមានការនឹករឭកដល់តារាចម្រៀងរូបនេះយ៉ាងខ្លាំង។
ជុំវិញដំណឹងរបស់តារាចម្រៀងស្រី អ៊ុង វលក្ខណ៍ទេវី នេះដែរ នាងហាក់មិនសូវបង្ហាញពីសកម្មភាពអ្វីនៅលើបណ្ដាញសង្គមឡើយ ពោលគឺយូរៗឃើញមានបង្ហោះរូបម្តង។ ជាមួយគ្នានេះដែរ បើតាមអ្នកស្គាល់ជាមួយតារាចម្រៀងស្រីរូបនេះ បានបង្ហើបថា បច្ចុប្បន្ននេះតារាចម្រៀង អ៊ុង វលក្ខណ៍ទេវី បានផ្តាច់ខ្លួនពីការងារសិល្បៈហើយ ដោយងាកមកបម្រើការងារជាមន្ត្រីរាជការនៅក្នុងក្រសួងមួយ ជាមួយនឹងការរស់នៅបែបសាមញ្ញា និង មានលក្ខណៈឯកជនខ្លាំង។
ដោយឡែកមកងាកមកការសិក្សាវិញ ថ្មីៗនេះ អ៊ុង វលក្ខណ៍ទេវី ទើបតែបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យា ល័យជាតិគ្រប់គ្រង ធ្វើឱ្យមហាជនអ្នកគាំទ្រចូលរួមអបអរសាទរនាងយ៉ាងច្រើនព្រោងព្រាត៕