Ken Teeradet ធ្លាប់ទម្លាយថា លោកប៊ិះមិនបានរៀបការ ដោយសារសម្តីអ្នកជិតខាង
មកទល់ពេលនេះជាង ១៥ ឆ្នាំទៅហើយ ដែលតារាប្រុសសង្ហា Ken Teeradet និង ភរិយាជាទីស្រឡាញ់របស់លោកបានចាប់ដៃគ្នាសាងគ្រួសារជាមួយគ្នាយ៉ាងមានសុភមង្គល និង ផ្អែមល្ហែមនោះ។ ពិសេស ចាប់តាំងពីបើកទំព័រជីវិតគ្រួសារមក អ្នកទាំងពីរហាក់មិនដែលលេចឮដំណឹងរកាំរកូសជាមួយគ្នានោះឡើយ។
ពិសេស ខណៈជីវិតគ្រួសារកំពុងតែរីករាយ ស្រាប់តែថ្មីៗនេះលោកប៉ារូបសង្ហា Ken Teeradet ដាច់ចិត្តទម្លាយពីរឿងរ៉ាវមួយដែលមហាជនមិនធ្លាប់បានឮពីមុនមក ពោលគឺលោកបានទម្លាយពីរឿងរ៉ាវជីវិតគូរបស់លោកដែលស្ទើរតែបរាជ័យមិនបានរៀបការជាមួយភរិយាបច្ចុប្បន្នរបស់លោក។
ក្នុងនោះលោកបានទម្លាយថា កាលពីលោកចាប់ផ្តើមមានទំនាក់ទំនងជាមួយភរិយា ពីដំបូងលោកមិនហ៊ានបើកចំហជាសាធារណៈឡើយ រហូតមានពេលមួយទំនាក់ទំនងស្នេហ៍របស់លោក ត្រូវបានបែកធ្លាយ ស្របពេលដែលលលោកកំពុងតែនៅក្រៅប្រទេស រហូតធ្វើឱ្យមនុស្សជុំវិញខ្លួនរបស់ភរិយាលោកមិនតិចនោះទេ ដែលបានប្រាប់ឱ្យភរិយាលោកបែកពីលោក ដោយសារតែអាយុរបស់លោក ក៏ប្អូនភរិយាដល់ទៅ ៧ ឆ្នាំទៀតផងនោះ។
ក្នុងនោះ Ken ក៏បានបន្ថែមថា បន្ទាប់ពីបានឮដំណឹងនេះភ្លាម លោកត្រឡប់មកថៃវិញ ដោយមិនរង់ចាំយូរឡើយ ហើយពេលដែលមកដល់ លោកថែមទាំងបាននិយាយជាមួយភរិយាថា ៖ «មិនបានហាមមិនឱ្យប្រើពាក្យបែកនោះទេ តែប្រសិនបើជាខ្ញុំ ពាក្យបែកវាត្រូវតែកើតចេញពីអារម្មណ៍ពិតតែប៉ុណ្ណោះ មិនមែនអ្នកដទៃមកប្រាប់ឱ្យបែកក៏បែកនោះទេ»។ តែទោះជាយ៉ាងណា ពេលនេះអ្នកទាំងពីរបានជម្នះនឹងរឿងរ៉ាវទាំងអស់នោះ ហើយកសាងគ្រួសារដ៏មានសុភមង្គលមួយ៕
ប្រភព៖ Thairath