ពេលទៅអូស្ដ្រាលី Taew រំពឹងថា Pranai លុតជង្គង់សុំរៀបការ តែបែរជួបរឿងផ្ទុយស្រឡះ
Taew Natapohn តារាស្រីវ័យ ៣៣ ឆ្នាំ ដែលមានរូបសម្រស់ស្រស់ស្អាត ជាតួឯកស្រីលំដាប់ជួរមុខដែលមានស្នាដៃរឿងល្បីៗជាច្រើន ជាពិសេសមានទេពកោសល្យអាចសម្តែង រាំ និងច្រៀងបានយ៉ាងប៉ិនប្រសប់។
កាលពីដើមខែសីហាកន្លងទៅនេះ Taew បានដឹកដៃគូស្នេហ៍ហាយសូ Pranai ធ្វើដំណើរកម្សាន្តទៅដល់ប្រទេសអូស្ត្រាលី ហើយបានទៅកន្លែងល្បីៗជាច្រើននៅទីនោះ។
ក្រោយត្រឡប់មកវិញ Taew ក៏បានចេញមុខទម្លាយរឿងហួសចិត្តលាយក្ដីរំភើបមួយឱ្យដឹងថា៖ «អំឡុងពេលដំណើរកម្សាន្តនោះ គឺយើងបានទៅកន្លែងជាច្រើន ហើយសុទ្ធសឹងជាកន្លែងដែលមានភាពរ៉ូមែនទិក។ មានពេលមួយនោះ គឺយើងត្រៀមថតរូបជាមួយគ្នា ក្នុងចិត្តខ្ញុំនេះ លួចរំភើបហើយគិតទុកថា បើសិនជាបែរក្រោយទៅ អាចនឹងឃើញខាងប្រុសលុតជង្គង់សុំរៀបការដូចក្នុងខ្សែភាពយន្ត តែតាមការពិត ពេលងាកទៅខាងប្រុសគាត់លុតជង្គង់ពិតមែន តែលុតជង្គង់ចងខ្សែស្បែកជើងដែលរបូត ហើយក៏ច្របាច់ជើងខ្លួនឯងដែលរោយ ព្រោះតែដើរច្រើន ហើយការគិតទាំងឡាយក៏រលាយវិញ»។
បន្ថែមពីលើរឿងហួសចិត្តនេះ Taew ក៏បាននិយាយបន្ដថា៖ «តែយ៉ាងណា សូមប្រាប់សិនថា របស់ល្អពេលខ្លះអាចចាំយូរបន្តិច ហើយបើចង់ឱ្យមានដំណឹងរឿងរៀបការគឺសុំសិក្សាគ្នាឱ្យបានច្រើនជាងនេះបន្តិចសិនចាស៎! សព្វថ្ងៃនេះ គឺព្រមហើយ ព្រមតែងមុខតែងខ្លួន ចាស៎»៕