ស្មានមិនដល់! Rith Omega ជាមនុស្សដែលនៅពីក្រោយ ក្នុងការវិលត្រលប់ចូលសិល្បៈរបស់ ពូឃ្លាំង
ថ្មីៗនេះ អ្នកដឹកនាំសម្ដែង លោក ឃុន ធារិទ្ធ ហៅ Rith Omega បានចេញមុខបង្ហោះសារនិយាយរឿងបំណុលរបស់ខ្លួនបង្ហោះនៅលើបណ្ដាញសង្គម ដោយបច្ចុប្បន្ននេះលោកបានដោះស្រាយបំណុលរួចរាល់មួយចំនួនហើយ ចំណែកមួយចំនួនទៀតក៏កំពុងតែដោះស្រាយ។
លើសពីនេះ អ្នកដឹកនាំសម្ដែងខាងលើ ក៏បានអះអាងថា លោកនៅតែមានឆន្ទៈក្នុងការសងដល់ម្ចាស់បំណុលទាំងអស់ តែយ៉ាងណាលោកក៏សុំទោសដែលមួយរយៈធំមកនេះ លោកមិនអាចចេញមុខដោះស្រាយបាន ព្រោះមានបណ្ដឹងជាប់ខ្លួន។
ខណៈផ្ទុះរឿងលោក Rith Omega នៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀតនេះ ស្រាប់តែតារាចម្រៀង ពូ ឃ្លាំង បានបង្ហើបរឿងដ៏ភ្ញាក់ផ្អើលមួយប្រាប់អ្នកគាំទ្រថា Rith Omega គឺជាអ្នកនៅពីក្រោយការវិលត្រលប់ចូលវិស័យសិល្បៈវិញរបស់លោក។
ពូ ឃ្លាំង បានរៀបរាប់ថា ៖ «គាត់នេះហើយ ជាមនុស្សដែលនៅពីក្រោយ ក្នុងការវិលត្រលប់ចូលសិល្បៈវិញរបស់ខ្ញុំ ហើយគាត់នេះហើយជាអ្នកដែលជួយរៀបចំ manage លើការងាររបស់ខ្ញុំ ជា Director ផលិត MV និង ជា Marketing Strategy Promote ឱ្យខ្ញុំទាំងអស់ … សង្ឃឹមថាការចាប់ផ្តើមជីវិតថ្មីលើកនេះ ឈប់សាងកំហុស និង ខំប្រឹងរកលុយសងគេឱ្យអស់ … អ្នកណាធ្លាប់ចោទថា អ្នកបោកប្រាស់លុយគេយ៉ាងណា ខ្ញុំមិនដឹង តែអ្នកជួយការងារខ្ញុំ ដោយមិនគិតពីលុយ ហើយក៏មិនដែលបានបោកលុយខ្ញុំម្តងណានោះទេ មានតែជួយខ្ញុំអស់ពីកម្លាំងកាយចិត្ត !!! I’m believe u can do it Rith Omega»៕