អ្នកណាថាបានប្ដីក្មេងមិនចេះថ្នម! ខាត់ សុឃីម សរសើរស្វាមីថា ជាបុរសមានសមត្ថភាព ខំប្រឹងគ្រប់បែបយ៉ាងដើម្បីផ្តល់សុភមង្គល
កន្លងមកគេច្រើនតែឮចាស់ៗនិយាយតៗគ្នាថា មនុស្សស្រីដែលបានស្វាមីចំណាស់ច្រើនតែមានសំណាង ព្រោះបុរសអាយុច្រើនពូកែថ្នាក់ថ្នមចិត្តប្រពន្ធជាងស្វាមីក្មេង ប៉ុន្ដែបច្ចុប្បន្នគេមើលឃើញថា មិនមែនមានតែបុរសវ័យចំណាស់ទេដែលពូកែថ្នាក់ថ្នមចិត្តប្រពន្ធនោះ តែស្វាមីក្មេងៗមួយចំនួនក៏ពូកែយកចិត្តប្រពន្ធខ្លាំងណាស់ដែរ។
ជាក់ស្ដែងបើក្រឡេកទៅមើលគូស្នេហ៍តារាចម្រុះទេពកោសល្យ អ្នកនាង ខាត់ សុឃីម និង លោក អ៊ិន សុបញ្ញា ហៅ ផាណូ វិញ ដ្បិតថាខាងប្រុសមានអាយុក្មេងជាខាងស្រីច្រើនឆ្នាំក៏ពិតមែន ប៉ុន្ដែចាប់តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធតាមប្រពៃណីមក តារាប្រុសស្រីទាំងពីរដួងនេះស្រឡាញ់ផ្អែមល្ហែម និង រួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល។
ជាពិសេស អ្នកនាង ខាត់ សុឃីម តែងលើកសរសើរពីស្វាមីក្មេងបណ្ដូលចិត្តថា លោកជាស្វាមីល្អ ហើយថានាងជានារីដែលមានសំណាងព្រោះបានលោក ផាណូ ជាស្វាមីថែមទៀតផង។
លើសពីនេះ អ្នកនាង ខាត់ សុឃីម ក៏ទើបទម្លាយសុភមង្គលក្នុងរង្វង់គ្រួសារ ដែលស្វាមីសំណព្វចិត្តនាងខំប្រឹងដើម្បីផ្គាប់ចិត្តប្រពន្ធឱ្យរស់នៅសុខស្រួលនៅលើហ្វេសប៊ុកថា ៖ «សម្រស់ប្រពន្ធបញ្ជាក់ពីសមត្ថភាពប្តី! ប្តីជាបុរសមានសមត្ថភាពខំប្រឹងប្រែង ស្វែងរកអ្វីគ្រប់បែបយ៉ាងដើម្បីផ្តល់សុភមង្គលឱ្យប្រពន្ធ ធ្វើឱ្យប្រពន្ធសប្បាយចិត្ត មិនឱ្យប្រពន្ធពិបាក និង រស់ក្នុងជីវភាពសុខស្រួល»៕