កូនមាសកូនពេជ្រមែន! ទម្ងន់កូនដំបូង អេដា អត់ស្គាល់រសជាតិចាញ់សោះ ថែមឃ្លានរបស់ញ៉ាំគ្រប់មុខ
ចាប់តាំងពីប្រកាសមានផ្ទៃពោះកូនដំបូងមក តារាចម្រៀង អេដា កាន់តែមានក្ដីសុខ ដោយត្រូវបានគូដណ្ដឹងស្រឡាញ់ថ្នាក់ថ្នម ហើយថ្មីៗនេះពួកគេបានធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក និង កំពុងតែដើរលេងកម្សាន្តយ៉ាងរីករាយនៅទីនោះ។
ពេលនេះទំហំផ្ទៃពោះរបស់ម្ចាស់បទ «ពីរនាក់បានហើយ» រូបនេះ ក៏បានធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែអ្នកនាង និង គូដណ្ដឹងមិនទាន់ប្រកាសពីភេទរបស់តំណក់ឈាមដំបូងថាជាប្រុស ឬស្រីឡើយ។ដ្បិតថាបែបនេះ តារាចម្រៀង អេដា បានបង្ហើបដោយមានក្ដីសុខថា ទម្ងន់កូនដំបូងនេះ នាងមិនស្គាល់រសជាតិចាញ់ឡើយ ពោលគឺអាចដើរបាន ញ៉ាំបាន គេងបាន ថែមទាំងឃ្លានរបស់គ្រប់មុខ។
អ្នកម៉ាក់សម័យថ្មី អេដា បានរៀបរាប់នៅលើហ្វេសប៊ុកអរគុណកូនសម្លាញ់ក្នុងផ្ទៃថា ៖ «អរគុណ Baby ដែលអត់ធ្វើឱ្យម៉ាក់ៗចាញ់សោះ ដើរបាន ញ៉ាំបាន គេងបាន ឃ្លានគ្រប់មុខ និង សប្បាយចិត្តច្រើនៗ សូមសរសើរម៉ាក់ៗទាំងឡាយដែលឆ្លងកាត់ការពពោះទាំងអស់ ពេលនេះខ្លួនឯងយល់អារម្មណ៍នេះច្បាស់ណាស់»៕