មានន័យណាស់! ឱក សុគន្ធកញ្ញា ជូនពរ ស្រីនា និង វិសាល យ៉ាងរំភើបបំផុត
ទិដ្ឋភាពដ៏រំភើបនៃពិធីភ្ជាប់ពាក្យដ៏អធិកអធមរបស់គូស្នេហ៍ Youtuber គឺលោក ហេង វិសាល និង ជា ស្រីនា ដែលបានប្រារព្ធឡើងនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ នៅតែធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេសយុវវ័យៗដែលស្រឡាញ់ចូលចិត្តអ្នកទាំងពីរ រំភើបចិត្តជំនួសសាមីខ្លួនមិនទាន់ឈប់ឡើង។
កម្មវិធីភ្ជាប់ពាក្យរវាងកំលោះសម្បូរស្នេហ៍ ហេង វិសាល និង កូនស្រីម្ចាស់សម្អាងការប្រណីតនារី គឺកញ្ញា ជា ស្រីនា គេឃើញវត្តមានភ្ញៀវកិត្តិយសជាច្រើនបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និង ស្រស់សោភាចូលរួមជូនពរអនាគតគូស្វាមីភរិយាខាងលើ ក្នុងនោះរួមមានសិល្បករ សិល្បការិនីល្បីៗលំដាប់ប្រទេសដូចជាកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជាដើម ព្រមទាំង Youtuber ល្បីៗ ជាពិសេសគឺមិត្តភក្ដិជិតដិតទាំងក្នុង និង ក្រៅរង្វង់សិល្បៈជាច្រើនរូប។
ក្រោយពិធីភ្ជាប់ពាក្យចប់សព្វគ្រប់ កំពូលតារាស្រី ឱក សុគន្ធកញ្ញា បានបង្ហោះសារជូនពរគូដណ្ដឹងថ្មីថ្មោងយ៉ាងមានអត្ថន័យថា ៖ «មកជូនពរយឺតបន្តិចហើយណា សូមចូលរួមអបអរសាទរដល់ប្អូនប្រុស Heng Visal និង ក្មួយស្រី SreyNea ក្នុងថ្ងៃពិសេស។ សូមជូនពរក្មួយទាំងពីរ ស្រឡាញ់គ្នា ឱ្យដូចទឹក និង ត្រី»៕