រ៉េត ស៊ូហ្សាណា ធ្លោយមាត់ចង់មាន Crush ក្រោយឃើញ វិសាល និង ស្រីនា ភ្ជាប់ពាក្យ
ស្នេហា Private រវាងកំលោះសម្បូរស្នេហ៍ ហេង វិសាល និង កូនស្រីម្ចាស់សម្អាងការប្រណីតនារី គឺកញ្ញា ជា ស្រីនា បានលាតត្រដាងជាសាធារណៈហើយ បន្ទាប់ពីអ្នកទាំងពីរសម្រេចចិត្តដឹកដៃគ្នាភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងដោយទទួលបានការដឹងឮពីមេបា ចាស់ទុំទាំងសងខាង និង ញាតិមិត្តប្រុសស្រីនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២។
កម្មវិធីភ្ជាប់ពាក្យរបស់គូស្នេហ៍ Youtuber វ័យក្មេង ហេង វិសាល និង ស្រីនា គេឃើញវត្តមានភ្ញៀវកិត្តិយសជាច្រើនបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និង ស្រស់សោភាចូលរួមជូនពរអនាគតគូស្វាមីភរិយាខាងលើ ក្នុងនោះរួមមានសិល្បករ សិល្បការិនី Youtuber ល្បីៗ ជាពិសេសគឺមិត្តភក្ដិជិតដិតទាំងក្នុង និង ក្រៅរង្វង់សិល្បៈរបស់ពួកគេទាំងពីរ។
ងាកទៅតារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា ក៏បានចូលរួមពិធីភ្ជាប់ពាក្យដ៏អធិកអធមរបស់គូស្នេហ៍ខាងលើដែរ ក្នុងនោះម្ចាស់បទ «សង្ស័យ» រូបនេះ ថែមទាំងបានថតរូបជាមួយកូនកំលោះកូនក្រមុំ ហើយបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញពីអារម្មណ៍យ៉ាងរំភើបជំនួសសាមីខ្លួនទៀតផង។
រ៉េត ស៊ូហ្សាណា បានសរសេររៀបរាប់ពាក្យសម្ដីអបអរសាទរដល់គូស្នេហ៍ វិសាល និង ស្រីនា ក្នុងថ្ងៃពិសេស ប៉ុន្ដែរឿងដែលមហាជនចាប់អារម្មណ៍ ហ្សាណា ឆ្លៀតបង្ហើបថា នាងចង់បាន Crush ម្នាក់នឹងគេដែរ ក្រោយឃើញអ្នកទាំងពីរភ្ជាប់ពាក្យយ៉ាងផ្អែមល្ហែមថា ៖ «ដូចចង់មាន crush ដូចគេដែរ ម៉េចទេ Congratulations my sissy jj SreyNea Nea and Bong Heng Visal»៕