ផ្ទុះរឿង Miss Grand ឆ្នាំនេះមិនសូវមានការគាំទ្រ ណុប បាយ៉ារិទ្ធ មិនឱបដៃឈរមើល បញ្ចេញយោបល់នេះឡើង
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ស្ថាប័ន Miss Grand Cambodia បានបង្ហោះសារម្ដងហើយម្ដងទៀត ដោយទទូចសុំឱ្យអ្នកគាំទ្រជួយបោះឆ្នោតឱ្យ Miss Grand កម្ពុជា ឆ្នាំ ២០២២ គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដើម្បីមានឱកាសបានទៅទទួលទានអាហារពេលល្ងាចជាមួយស្ថានិក Miss Grand International គឺលោក Nawat។
ទោះបីជាទំព័រផេក Miss Grand Cambodia ហាក់បន្ទន់ឥរិយាបថយ៉ាងណាក្ដី ប៉ុន្ដែក្នុងនោះគេឃើញមានមហាជនជាច្រើនហាក់នៅតែព្រងើយកន្តើយមិនចូលរួមសហការជួយ Like, Comments, Share ឱ្យបានច្រើនផុសផុលដូចឆ្នាំមុនៗឡើយ ព្រោះពួកគេនៅមានកូនចិត្តប្រកាន់ខឹងនឹងអ្នកកាន់ផេក Miss Grand Cambodia ដែលកន្លងមកបង្ហោះសារឌឺដងផ្ដាច់ផ្ចាល់ដល់មហាជន។
ក្រោយសង្កេតឃើញស្ថានភាពហាក់មិនសូវល្អ ស្រាប់តែតារាចម្រៀង ណុប បាយ៉ារិទ្ធ បានចេញមុខឱ្យប្រជាជនកម្ពុជារួបរួមគ្នាព្រោះមិនមែនដើម្បីនរណាម្នាក់ទេ គឺធ្វើដើម្បីវិស័យបវរកញ្ញានៅកម្ពុជាយើង ៖ «យើងធ្វើមិនមែនដើម្បីនណាម្នាក់ យើងធ្វើដើម្បីដណ្តើមភាពជោគជ័យសម្រាប់បវរកញ្ញារបស់កម្ពុជា ជោគជ័យក្នុងលទ្ធផលណាមួយ ឬក៏បរាជ័យក៏ទាក់ទងនឹងកិត្តិយសរបស់ខ្មែរយើង ម្លោះហើយយើងគ្រប់គ្នាជួយគ្នាដើម្បីឱ្យបវរកញ្ញាកម្ពុជា ទង់ជាតិកម្ពុជាទទួលបានជោគជ័យលើឆាកអន្តរជាតិឱ្យបាន យើងរួមគ្នា យើងនឹងឈ្នះ សំខាន់ម៉ោងនេះពេលនេះគាត់កំពុងរង់ចាំជំនួយ គាត់កំពុងរង់ចាំកម្លាំងចិត្ត គាត់កំពុងរង់ចាំក្តីស្រឡាញ់ពីយើងទាំងអស់គ្នា!»៕