ខាត់ សុឃីម ទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកអាមេរិក សូម្បីអ្នកនាង អម្ពរ ទេវី ក៏ទៅគាំទ្រ
កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ អ្នកនាង ខាត់ សុឃីម និង ស្វាមី ព្រមទាំងកូនៗទាំង ២ បានធ្វើដំណើរទៅដល់ទឹកដីសហរដ្ឋអាមេរិក ដើម្បីជួបជុំសាច់ញាតិមានដូចជាម្ដាយ ប្អូនស្រី និង ក្មួយៗដែលរស់នៅទីនោះ។ គ្រាន់តែទៅដល់ស្រុកគេភ្លាម ខាត់ សុឃីម ត្រូវបានម្ដាយ និង ប្អូនស្រីគឺអ្នកនាង ខាត់ ស្រីវង ព្រមទាំងក្មួយៗឱបទទួលស្វាគមន៍យ៉ាងកក់ក្ដៅ បង្ហាញពីក្ដីនឹករឭកខណៈខានបានជួបជុំគ្នាយូរមកហើយ។
យ៉ាងណាមិញបើតាមការបង្ហើបឱ្យដឹងពីតារាចម្រុះទេពកោសល្យរូបនេះ បានប្រាប់ថា អ្នកនាង និង គ្រួសារទៅលើកនេះមានរយៈពេល ១ ខែកន្លះឯណោះ ហើយទន្ទឹមនឹងដំណើរកម្សាន្តនេះ អ្នកនាងក៏ទទួលបានការអញ្ជើញឱ្យទៅច្រៀង និង សម្ដែងនៅទីនោះផងដែរ។
ពិតជាដូចការរំពឹងទុក ការច្រៀង និង សម្ដែងរបស់តារាចម្រុះទេពកោសល្យ ខាត់ សុឃីម ពិតជាទទួលបានការស្វាគមន៍ គាំទ្រយ៉ាងកក់ក្ដៅពីសំណាក់បងប្អូននៅលើទឹកដីសហរដ្ឋអាមេរិក ហើយសូម្បីតែតារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី ក៏បាននាំស្វាមីទៅចូលរួមពិធីជប់លៀងនៅទីនោះដែរ។
លើសពីនេះ តារាជើងចាស់ អម្ពរ ទេវី ថែមទាំងបានថតរូបជាមួយ ខាត់ សុឃីម ហើយរៀបរាប់ថា ៖ «ចូលរួមអបអរសាទរប្អូនស្រី ខាត់ សុឃីម ដែលបានអញ្ជើញមកសម្ដែង និង មានការស្រឡាញ់ គាំទ្រជាច្រើនពីសំណាក់បងប្អូនខ្មែរនៃរដ្ឋ Washington State»៕