ទើបជះលុយរាប់ម៉ឺនដុល្លារទិញឡានថ្មី ពេលនេះ ជី ដេវីត និង ទេព បូព្រឹក្ស ទៅចាយជីវិតយ៉ាងអភិជននៅជប៉ុន
កាលពីដើមខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ គូស្នេហ៍អ្នកសិល្បៈដ៏ស័ក្ដិសម ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស ទើបតែធ្វើឱ្យមហាជនបើកភ្នែកធំៗសម្លឹងមើលពួកគេទិញរថយន្តសេរីទំនើបតម្លៃរាប់ម៉ឺនដុល្លារដ៏ថ្មីសន្លាងមួយគ្រឿង ចតនៅមុខផ្ទះយ៉ាងសង្ហា។
យ៉ាងណាមិញរំលងតែប៉ុន្មានថ្ងៃ គូស្នេហ៍តារាចម្រៀងវ័យក្មេងខាងលើបានបណ្ដើរគ្នាទៅលេងទីក្រុងតូក្យូ ប្រទេសជប៉ុនថែមទៀត ដែលក្នុងដំណើរកម្សាន្តលើកនេះ គេឃើញ ជី ដេវីត បានបង្អួតភាពហ៊ឺហារយ៉ាងអភិជនមិនធម្មតាឡើយ ដោយលោកបានទិញរបស់របរម៉ាកល្បីៗ កាន់ជ្រែកដៃថតរូបបង្ហោះសម្ញែងក្រសែភ្នែកមហាជនលើហ្វេសប៊ុក។
អាចនិយាយបានថា ការដើរលេងចាយជីវិតបែបអភិជនរបស់ ជី ដេវីត និង ទេព បូព្រឹក្ស មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលឡើយសម្រាប់មហាជនអ្នកគាំទ្រ ព្រោះថាកន្លងមកគូស្នេហ៍មួយគូនេះ តែងបង្ហាញពីជីវិតហាយសូរ ប្រើរបស់ម៉ាកល្បីៗមិនថាពេលនៅស្រុកខ្មែរ ឬទៅដើរលេងក្រៅប្រទេសនោះទេ។
យ៉ាងណាមិញក្រៅពីបង្ហាញជីវិតដ៏សប្បាយហ៊ឺហារហើយនោះ ពួកគេទាំងពីរក៏ឆ្លៀតទម្លាយរូបថតកៀកកិតគ្នាយ៉ាងរ៉ូមែនទិក បង្ហាញពីក្ដីស្នេហ៍ដ៏ស្អិតល្មួតរបស់ពួកគេបង្ហោះលើបណ្ដាញសង្គមថែមទៀត៕