ខ្ញុង ជួបរឿងរកាំរកូសលើកនេះ ប៉ះពាល់ផ្លូវចិត្តខ្លាំងស្ទើរតែគ្មានកម្លាំងរស់បន្តចិញ្ចឹមកូន
រឿងរ៉ាវជីវិតគ្រួសារកំពុងជួបភាពរកាំរកូសរបស់តារាកំប្លែង ខ្ញុង និង នាយ កៃដ លើកនេះ កំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាថ្មី ព្រោះនៅសុខៗប្ដីប្រពន្ធមួយគូនេះបង្ហោះសារឆ្លងឆ្លើយគ្នាពេញបណ្ដាញសង្គម ហើយចុងក្រោយ ខ្ញុង ក៏បានឡាយវីដេអូបកស្រាយរួចរាល់ហើយដែរពាក់ព័ន្ធនឹងបញ្ហានេះ។
នៅក្នុងវីដេអូឡាយនោះ ខ្ញុង បានរៀបរាប់ថា នាយ កៃដ មិនឱ្យតម្លៃលើនាងជាប្រពន្ធទេ នៅចង់លែងលះគ្នាថែមទៀត ជាមួយគ្នានោះ នាយកៃដ ក៏បានប្រើពាក្យសម្ដីជេរប្រមាថនាងជាច្រើន។ រឿងរ៉ាវកើតឡើងលើប្ដីប្រពន្ធមួយគូនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ព្រោះថាកន្លងមកទោះពួកគេជួបបញ្ហា ត្រូវជំពាក់បំណុលគេជុំទិស ប៉ុន្ដែពួកគេនៅតែចាំដៃគ្នារួមរស់ជាប្ដីប្រពន្ធ។
ជួបបញ្ហាគ្រួសារលើកនេះ ហាក់វាយប្រហារផ្លូវចិត្តតារាកំប្លែង ខ្ញុង ជាខ្លាំង ដោយនាងបានបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះថា សិរីមង្គល សិរីមង្គល យ៉ាងចាក់ដោតថា ៖ «បាក់ដៃខ្ញុំអាចទ្រាំបានតែបាក់ទឹកចិត្ត ស្ទើរតែគ្មានកម្លាំងរស់បន្តចិញ្ចឹមកូនទៅហើយ ហេតុអីអ្នកដៀលខ្ញុំ ហេតុអីមិនឱ្យតម្លៃខ្ញុំ រឿងនេះអត់ទាក់ទងបងប្អូនទេ គឺរឿងអ្នកឯងបង្កើតឡើងដើម្បីរករឿងខ្ញុំ»៕