បាត់មុខយូរ តាមពិតម្ចាស់បទ «ស្នេហ៍ពិសី» ល្បីខ្លាំងកាលពី ៣០ ឆ្នាំមុន កំពុងរស់នៅទីនេះសោះ
បើរំឭកកាលអំឡុងឆ្នាំ ១៩៨០-១៩៩០ មហាជននិយមស្តាប់បទចម្រៀងមនោសញ្ចេតនា និង បទចម្រៀងកាយវិការ ច្បាស់ជាបានស្គាល់ហើយនូវភាពល្បីរន្ទឺនៃបទ «ស្នេហ៍ពិសី» ដែលជាការបកស្រាយរបស់លោក ថោ ថារ៉ែន និង មានការបកស្រាយឡើងវិញក្នុងផលិតកម្មរស្មីហង្សមាស ដោយលោក ផាន សុផាត។
កាលនោះ គេចាំបានថាបទចម្រៀង «ស្នេហ៍ពិសី» ត្រូវបាននិយមស្តាប់ និង ច្រៀងតាមកន្លែង Karaoke ពោលគឺតាំងពីជំនាន់មិនទាន់សូវមានម៉ាស៊ីន Karaoke តាមផ្ទះមកម្ល៉េះ។ ជាងនេះទៅទៀត បទចម្រៀងនេះ ក៏ត្រូវបានតារាប្រុសស្រីជាច្រើនបានលើកយកទៅច្រៀងនៅលើឆាកតន្ត្រីនានាទៀតផង។
ក្រៅពីបទ «ស្នេហ៍ពិសី» លោក ថោ ថារ៉ែន ក៏នៅមានបទចម្រៀងល្បីៗជាច្រើនទៀត ដូចជាបទ «រៀមមិនចង់ឃ្លាតទៅ» បទ «ស្នេហាគ្មានអ្វីសំខាន់» ជាដើម ដែលបទចម្រៀងទាំងនេះ សុទ្ធយែទទួលបានការគាំទ្រខ្ពស់ពីមហាជន។
ជាការពិត យុវវ័យសម័នេះអាចមិនបានស្តាប់ ឬ ខ្លះបានស្តាប់ហើយ តែមិនបានស្គាល់ថាម្ចាស់បទចម្រៀង «ស្នេហ៍ពិសី» លោក ថោ ថារ៉ែន មានមុខមាត់បែបណាឡើយ។ លើសពីនោះ យុវវ័យជំនាន់ឆ្នាំ ១៩៨០ ជាង ដែលបានស្គាល់លោកហើយ ក៏កំពុងតែចង់ដឹងដែរថា បច្ចុប្បន្នលោក ថោ ថារ៉ែន កំពុងរស់នៅទីណា ក្រោយពីបាត់ឈឹងក្នុងវិថីសិល្បៈ។
គួរឱ្យដឹងថា លោក ថោ ថារ៉ែន បច្ចុប្បន្នកំពុងរស់នៅឯប្រទេសអូស្ត្រាលី និង បានរៀបការសាងគ្រួសារ មានកូនប្រុសចំនួន ១ នាក់ និង ស្រីចំនួន ២ នាក់ ដោយកូនស្រីពៅរបស់លោកមានអាយុប្រមាណជិត ៩ ខែហើយ។
លោក ថោ ថារ៉ែន ក៏នៅតែបន្តអាជីពលើវិថីជាតារាចម្រៀងដូចដើម នៅឯទឹកដីប្រទេសអូស្ត្រាលី ដោយជារឿយៗលោកតែងបង្ហាញវត្តមានក្នុងកម្មវិធីកម្សាន្តនានានៅទីនោះថែមទៀតផង៕