ភ្ញាក់ផ្អើល! ប៊ុត សីហា ឈរថតមុខឡានថ្មីយ៉ាងឡូយ ហើយពោលដល់ឈ្មោះថៅកែពេជ្រ ទ្រី ដាណា បែបនេះទៀត
ប៊ុត សីហា ត្រូវបានគេស្គាល់ថាជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ១ ប៉ុន្តែក្រោយកាន់ដំណែងនេះមិនបានប៉ុន្មាន តារាចម្រៀងដែលប្រសូតចេញពីកម្មវិធីលំដាប់ពិភពលោកមួយនេះ ក៏បានបាត់បង់ប្រជាប្រិយភាពស្ទើរអស់ ព្រោះទម្ងន់រឿងអាស្រូវដ៏ច្រើនបានរុំជុំខ្លួន ធ្វើឱ្យលោកត្រូវបាត់មុខពីវិថីសិល្បៈមួយស្របក់ធំ។
ក្រោយបាត់មុខជាច្រើនឆ្នាំ គេចាំបានថា ម្ចាស់ពានក្នុងកម្មវិធីខាងលើក៏បានបង្ហាញវត្តមានលិបលចូលក្នុងវិថីសិល្បៈដែរ ហើយក្នុងកាលៈទេសៈបង្ហាញខ្លួនលិបលនោះ តារាចម្រៀង ប៊ុត សីហា ត្រូវបានគេដឹងថា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកៀងគររកសំឡេងគាំទ្រមកវិញ ដោយបានបង្ហាញខ្លួនចូលច្រៀងក្នុងផលិតកម្មមួយ ប៉ុន្តែហាក់ប្រមូលប្រជាប្រិយភាពមិនបានច្រើនដូចពេលទើបប្រឡងជាប់នោះឡើយ។
យ៉ាងណាមិញ ថ្មីៗកន្លងទៅនេះ គេបានឃើញតារាចម្រៀង ប៊ុត សីហា បានបង្ហោះសារមួយលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលការបង្ហោះនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តារាចម្រៀង ប៊ុត សីហា បានប្រកាសពីការចាប់ផ្តើមជាថ្មីលើវិថីសិល្បៈ ដោយការផលិតបទចម្រៀងផ្ទាល់ខ្លួន ហើយបង្ហោះលើគណនីហ្វេសប៊ុកផេក ព្រមទាំងគណនី Youtube ផ្លូវការ ដើម្បីប្រមូលប្រជាប្រិយភាពឡើងវិញ។
ក្រោយការបង្ហោះសារប្រកាសចូលសិល្បៈវិញ ថ្មីៗនេះទៀត តារាចម្រៀង ប៊ុត សីហា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានបង្ហាញរូបភាពឈរនៅពីមុខឡានថ្មីមួយគ្រឿង ហើយថែមទាំងបានរៀបរាប់ពីការអរគុណដល់ថៅកែហាងលក់ពេជ្រ ទ្រី ដាណា ដែលបានផ្តល់ឱកាសឱ្យរូបគេបានជួប និង ជួយឱ្យរូបគេបានរឹងមាំងើបឡើងដើរឡើងវិញលើវិថីសិល្បៈមួយនេះ។
តារាចម្រៀង ប៊ុត សីហា បានរៀបរាប់ពីទឹកចិត្តដ៏វិសេសវិសាលរបស់ថៅកែពេជ្ររូបនេះមានចំពោះខ្លួនយ៉ាងដូច្នេះថា ៖ «អរគុណណាស់ដែលបងប្អូនទាំងអស់គ្នានៅគាំទ្រមនុស្សធ្លាប់សាងកំហុសម្នាក់នេះ ហើយក៏អរគុណខ្លាំងជាងគេនោះគឺលោកជំទាវ ទ្រី ដាណា NNP ដែលផ្ដល់ឱកាសឱ្យខ្ញុំជួប ផ្ដល់ឱកាសឱ្យកែខ្លួនឡើងវិញ និង ជួយពួកខ្ញុំច្រើន ដោយគ្មានលក្ខខណ្ឌ ពិតជាអរគុណទឹកចិត្ត ចាប់ពីពេលជួបគាត់មក ពួកខ្ញុំផលិតបទចម្រៀងខ្លួនឯងបានច្រើន ទោះមិនទាន់បានស្តង់ដារក៏ដោយ ហើយក៏សង្ឃឹមថាជោគជ័យខ្លាំងទៅថ្ងៃមុខ ហើយខ្ញុំសន្យាថានឹងវិលមកសិល្បៈវិញ ប្រើសមត្ថភាពខ្លួនឯង មិនឱ្យបងប្អូនគ្រប់គ្នាខកបំណងទេ អរគុណពុកម៉ែ បងប្អូន ដែលនៅគាំទ្ររហូតមក ព្រោះខ្ញុំមានពេលនេះម្តងទៀត ព្រោះតែលោកជំទាវ និង ការគាំទ្ររបស់បងប្អូន មានបងប្អូនគាំទ្រខ្ញុំ ខ្ញុំនឹងមានអ្វីគ្រប់យ៉ាងមកវិញមិនខាន (ប៊ុត សីហា)»៕