ហ៊ានចូលរួមឬអត់? Netflix រើសមនុស្ស ៤៥៦ នាក់ ចូលលេង Squid Game មែនទែន ផ្ដល់ប្រាក់រង្វាន់ជិត ៥ លានដុល្លារ
កាលពីឆ្នាំ ២០២១ កន្លងទៅនេះ រឿងភាគថ្មីដ៏គួរឱ្យជក់ចិត្តរបស់កូរ៉េ «Squid Game» បានផ្ទុះការគាំទ្រទស្សនាយ៉ាងគំហុកពីបណ្តាមហាជនស្ទើរទូទាំងពិភពលោក ព្រោះតែដំណើរសាច់រឿងទាំងមូល ពោរពេញទៅដោយភាពប្លែកអារម្មណ៍ខុសពីរឿងភាគទូទៅ ពោលគឺ និយាយពីការប្រថុយលេងល្បែងមរណៈរបស់មនុស្សមួយក្រុម ដើម្បីតែចង់បានប្រាក់ទៅដោះស្រាយក្នុងជីវភាពកំពុងខ្វះខាត។
យ៉ាងណាមិញ ដោយសារតែទទួលការគាំទ្រច្រើនពេក ខាងអ្នកដឹកនាំរឿងនេះ ក៏នឹងបង្កើតឱ្យមាន Season 2 ផងដែរ ដែលធ្វើឱ្យមហាជនជាច្រើនរង់ចាំទស្សនាមិនតិចឡើយ។ ដោយឡែក ទន្ទឹមនឹងការរង់ចាំនេះ ថ្មីៗនេះដែរ ខាងក្រុមហ៊ុន Netflix ក៏បានបង្កើតឱ្យមាន «Squid Game» នេះ នៅក្នុងជីវិតពិតទៀតផង ដោយនឹងចាត់ចែងឱ្យមានការលេងល្បែងមរណៈគ្រប់យ៉ាងដូចជានៅក្នុងរឿងដូច្នោះឯង។
ក្នុងនោះ Netflix ក៏បានឱ្យដឹងទៀតថា ខ្លួននឹងជ្រើសរើសយកអ្នកចូលរូមប្រកួតចំនួន ៤៥៦ នាក់ និង មានប្រាក់រង្វាន់ចំនួន ៤.៥៦ លានដុល្លារមិនឱ្យខុសពីក្នុងរឿងនោះទេ។ ដោយឡែក ការដាក់ពាក្យចូលរួមមឹងត្រូវបានផ្តល់ឱកាសទៅជនជាតិអាមេរិក អង់គ្លេស និង ជនជាតិផ្សេងៗមួយចំនួនទៀត។
យ៉ាងណាមិញ សកម្មភាពរបស់ការលេងល្បែងទាំងនេះដែរ ក៏នឹងត្រូវគេបញ្ចាំងឱ្យទស្សនានៅក្នុងកម្មវិធី Netflix ផងដែរ ដោយមិនមានការរៀបចំ Script ទុកមុននោះទេ ហើយនឹងប្រើពេលចំនួនប្រហែល ១ ខែក្នុងការដំណើរការ ព្រមទាំងចាប់ផ្តើមថតនៅដើមឆ្នាំ ២០២៣ ខាងមុខនេះឯង។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រជាច្រើនពិតជាភ្ញាក់ផ្អើលមិនតិចឡើយ ហើយក៏មានអ្នកចាប់អារម្មណ៍ច្រើនផងដែរ៕