អស់ទាស់! ត្រឹមរយៈពេល ១ ថ្ងៃ បទទី ១ របស់ តិចម៉េង ត្រូវគេបំបុកចុចមើលជិត 1M ហើយ
ក្រោយពីបានលើកពាន Cambodian Idol រដូលកាលទី ៤ បានមួយរយៈ និង ក្លាយជាតារាចម្រៀងអាជីពក្នុងផលិតកម្មរស្មីហង្សមាសហើយនោះ កំលោះតូច លីម តិចម៉េង ក៏បានចេញបទចម្រៀងទី ១ របស់ខ្លួនហើយកាលពីព្រឹក ម៉ោង ៧ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ដែលបទនោះមានចំណងជើងថា «អរគុណ Fan»។
ក្រោយផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទដំបូងឱ្យតារាចម្រៀងជំនាន់ថ្មី លីម តិចម៉េង នេះរួច គេកត់សម្គាល់ឃើញមានមហាជនអ្នកគាំទ្រយ៉ាងច្រើនបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ហើយក៏បានលើកសរសើរពីសមត្ថភាព និង ទឹកដមសំឡេងរបស់កំលោះតូចរូបនេះថែមទៀតថា ច្រៀងបានពីរោះជាប់ចិត្ត ស័ក្តិសមជាម្ចាស់ពានដែលរើសដោយអ្នកគាំទ្រពិតៗ។
យ៉ាងណាមិញ ក្រោយចេញបទចម្រៀង «អរគុណ Fan» របស់កំលោះតូច លីម តិចម៉េង បានត្រឹម ១ ថ្ងៃ គេឃើញមានសន្ទុះគាំទ្រខ្លាំងណាស់ពីសំណាក់អ្នកគាំទ្រទាំងចាស់ក្មេង ដោយមកទល់ពេលនេះចំនួនអ្នកចុចចូលមើលមានរហូតដល់ជិតមួយលានដងហើយ។ ជាការពិតគិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ គឺមានរយៈពេល ១ ថ្ងៃហើយ ដោយនៅលើគណនី Youtube ផ្លូវការរបស់ផលិតកម្ម មានអ្នកចុចចូលមើលចំនួន ៦៦៦ ៦៩៤ ដង។ ចំណែកឯនៅលើគណនីហ្វេសប៊ុកផេករបស់ផលិតកម្មរស្មីហង្សមាស គឺមានអ្នកចុចចូលទស្សនាចំនួន ៨៣៤ ដង៕