ទើបបើកចំហចំណងស្នេហ៍ ពេលនេះ ងិន ម៉ារ៉ាឌី បង្ហើបគម្រោងដឹកដៃគូស្នេហ៍ចូលរោងការហើយ
បើនិយាយចំពោះជីវិតស្នេហារបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២១ កញ្ញា ងិន ម៉ារ៉ាឌី កាលចុងខែឧសភា ឆ្នាំ ២០២២ កន្លងទៅ កញ្ញាបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង រំភើបចិត្តជំនួស ខណៈកញ្ញាបានធ្វើការប្រកាសបើកចំហចំណងស្នេហ៍ជាសាធារណៈ ជាមួយបុរសមានរូបរាងស្រស់សង្ហាម្នាក់ឈ្មោះថា Vannora Tith។
យ៉ាងណាមិញ ក្រោយបើកចំហចំណងស្នេហ៍ជាសាធារណៈមួយរយៈចុងក្រោយនេះ ឃើញថាបវរកញ្ញារូបនេះ និង គូស្នេហ៍ តែងបង្ហាញសកម្មភាពផ្អែមល្ហែមយ៉ាងមានក្ដីសុខជាហូរហែលើបណ្ដាញសង្គមហ្វេសប៊ុក។
ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រ ហាក់ចាប់អារម្មណ៍ និង កាន់តែរំភើបចិត្តខ្លាំងចំពោះចំណងស្នេហ៍របស់បវរកញ្ញារូបនេះ បន្ទាប់ពីបានឃើញកញ្ញាបង្ហើបពីគម្រោងដឹកដៃគូស្នេហ៍រូបសង្ហាចូលរោងការនៅឆ្នាំក្រោយនេះហើយ។
នេះបើតាមវីដេអូកិច្ចសម្ភាសជាមួយ TV5 Cambodia ក្នុងកម្មវិធីមួយ ដែលកញ្ញា ងិន ម៉ារ៉ាឌី បានរៀបរាប់ថា ៖ «ខ្ញុំមានគម្រោងចូលរោងការនៅឆ្នាំក្រោយ ហើយសម្រាប់ចិត្តខ្លួនឯងគិតថាមួយជាតិមានតែម្ដង គឺត្រូវរៀបចំឱ្យពិសេសបំផុត គម្រោងនេះគឺនាងខ្ញុំនឹងធ្វើការអញ្ជើញសម្រាប់បងៗអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រ បងសារព័ត៌មានដែលធ្លាប់ធ្វើការរួមជាមួយគ្នា គឺនាងខ្ញុំនឹងអញ្ជើញគាត់ផ្ដល់កិត្តិយសជាភ្ញៀវក្នុងកម្មវិធីមង្គលការរបស់នាងខ្ញុំផងដែរ។ តាមពិតទៅនាងខ្ញុំជាមួយនឹងគាត់បានស្គាល់គ្នាយូរដែលហើយ ប៉ុន្តែយើងមិនទាន់សម្រេចចិត្តក្នុងការចាប់ដៃគ្នាសាងអនាគតទេ រហូតពេលដែលយើងមើលចិត្តគ្នាយូរទៅ យើងស្វែងយល់ចិត្តគ្នា ជាពិសេសប៉ាម៉ាក់ទាំងសងខាង គឺបានស្គាល់គ្នាជិតដិតហើយ ក៏យើងសម្រេចចិត្តថាយើងនឹងសាងគ្រួសារជាមួយគ្នាបាន។ សំខាន់ខ្ញុំចូលចិត្តគាត់មួយ គឺគាត់ទទួលយកអ្វីដែលជាខ្លួនខ្ញុំ គាត់មិនដែលផ្លាស់ប្ដូរ ឬក៏ចង់កែប្រែខ្ញុំឱ្យដូចអ្នកដទៃឡើយ»។
ក្រោយឮដំណឹងនេះដែរ មហាជនអ្នកគាំទ្ររបស់ បវរកញ្ញារូបនេះ បានបង្ហាញអារម្មណ៍រំភើបចិត្ត និង អបអរសាទរចំពោះនាង និង គូស្នេហ៍គ្រប់គ្នាចំពោះដំណឹងល្អនេះផងដែរ៕