ជិត ២០ ឆ្នាំ លើវិថីសិល្បៈ កំពូលតារាចម្រៀង មាស សុខសោភា ធ្លាប់ជ្រកក្រោមផលិតកម្មសរុប ៧
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ២០ ឆ្នាំ មកហើយ ដែល អ្នកនាង មាស សុខសោភា បានបោះជំហានលើវិថីសិល្បៈ។ រយៈពេលជិត ២០ ឆ្នាំ នេះ អ្នកនាង មាស សុខសោភា បានក្តោបតំណែងជាកំពូលតារាចម្រៀងនារីជួរមុខមួយរូបរបស់កម្ពុជា ហើយបច្ចុប្បន្ន អ្នកនាង មាស សុខសោភា គឺជាតារាចម្រៀងជ្រកក្រោមផលិតកម្ម «រាម» ដែលជាផលិតកម្មចំណូលថ្មី តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។
ជាការពិត មុននឹងឈានដំណើរមកដល់ផលិតកម្ម «រាម» មហាជនអ្នកគាំទ្រយ៉ាងពិតប្រាកដរបស់អ្នកនាង មាស សុខសោភា ច្បាស់ជាបានជ្រាបមកហើយនូវដំណើរលើវិថីសិល្បៈរបស់កំពូលតារាចម្រៀងរូបនេះ ដោយអ្នកនាងបានបោះជំហានក្លាយជាតារាចម្រៀងអាជីព និង មានប្រជាប្រិយភាពតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។ ក្នុងដំណើររយៈពេលជិត ២០ ឆ្នាំ នេះ អ្នកនាង មាស សុខសោភា ក៏បានឆ្លងកាត់ជ្រកក្រោមទ្រនំផលិតកម្មល្បីៗជាច្រើនរួមមាន៖
១. ឆ្នាំ ២០០៤-២០០៥
ក្នុងឆ្នាំ ២០០៤ អ្នកនាង មាស សុខសោភា បានបោះជំហានមកកាន់ឈ្មោះជាតារាចម្រៀងអាជីពក្នុងផលិតកម្មដំបូងលើដំណើរសិល្បៈ គឺ ផលិតកម្ម រស្មីស្ទឹងសង្កែ។
២. ឆ្នាំ ២០០៥-២០០៨
ក្នុងអំឡុងឆ្នាំ ២០០៥ អ្នកនាង មាស សុខសោភា បានចាកចេញពី ផលិតកម្ម រស្មីស្ទឹងសង្កែ ទៅកាន់ ផលិតកម្ម ចេនឡា ប្រាដឺ (CB) ដោយកាលនោះ អ្នកនាងច្រៀងបទចម្រៀងពេញនិយមជាច្រើនបទ។ តែគួរឱ្យស្ដាយ ក្រោយមកមិនយូរប៉ុន្មាន ផលិតកម្ម CB បានប្រកាសបិទទ្វារ ជាហេតុធ្វើឱ្យ អ្នកនាង មាស សុខសោភា ក៏បានបន្តដំណើរទៅក្នុង ផលិតកម្ម U2 មួយរយៈផងដែរ។
៣. ឆ្នាំ ២០០៨-២០០៩
ក្រោយបន្តដំណើររយៈពេលខ្លីក្នុង ផលិតកម្ម U2 នៅអំឡុងឆ្នាំ ២០០៨ អ្នកនាង មាស សុខសោភា ក៏បានចូលទៅកាន់ផលិតកម្ម M ដោយកាលនោះបទចម្រៀងធ្វើឱ្យប្រជាប្រិយអ្នកនាងកាន់តែផ្ទុះខ្លាំងបន្ថែមទៀតគឺបទ «ដោះសារ» ដែលជា Hit Song ក្នុងអំឡុងពេលនោះផងដែរ។
៤. ឆ្នាំ ២០០៩-២០១០
មកដល់ឆ្នាំ ២០០៩ អ្នកនាង មាស សុខសោភា ក៏បានឈានជើងទៅកាន់ ផលិតកម្ម សាន់ដេ ដោយកាលនោះបទចម្រៀងស្ទើរគ្រប់ចង្វាក់ ដែលអ្នកនាងបានច្រៀង គឺមានការពេញនិយមយ៉ាងខ្លាំង។
៥. ឆ្នាំ ២០១០-២០២១
ក្នុងអំឡុងឆ្នាំ ២០១០ អាចចាត់ទុកជាឆ្នាំ នៃដំណើរឈានទៅដល់លំដាប់ Top នៃចំណោមតារាចម្រៀងផ្នែកនារីរបស់កម្ពុជា ដោយអ្នកនាង មាស សុខសោភា បានឈានជើងចូលទៅកាន់ ផលិតកម្ម Town។ កាលនោះ ការបង្ហាញវត្តមានក្នុងផលិតកម្មថោន ជាលើកដំបូង អ្នកនាងបានចេញបទចម្រៀងជា Story រួមនឹងលោក ករុណា ពេជ្រ រួមមាន «I am Sorry» និង បទ «សុំពេលឈឺចាប់មួយគ្រា» ជាដើម។
ផលិតកម្មថោន អាចចាត់ទុកជាផលិតកម្មមួយ ដែលអ្នកនាង មាស សុខសោភា បានឈរជើងបានយូរ និង ជាច្រើនឆ្នាំ ព្រមទាំងអាចសាងនូវកេរ្ដិ៍ឈ្មោះរបស់អ្នកនាង កាន់តែល្បីលើសមុនទៅទៀត និង ថែមទាំងទទួលបានងារពីមហាជនថាជារាជិនីសំឡេងផ្អែមជំនាន់ថ្មីទៀតផង។
៦. ឆ្នាំ ២០១៥-បច្ចុប្បន្ន
ផលិតកម្ម Camtrax Music អាចចាត់ទុកថាជាផលិតកម្មដែលគ្មានកុងត្រារបស់អ្នកនាង មាស សុខសោភា ព្រោះតែផលិតកម្មនេះ ជាផលិតកម្មរបស់ស្វាមីអ្នកនាងផ្ទាល់។ អ្នកនាង បានច្រៀង និង ចេញបទចម្រៀងល្បីៗជាច្រើនក្នុងផលិតកម្ម Camtrax Music តាំងពីអំឡុងឆ្នាំ ២០១៥ មកម្ល៉េះ។
៧. ឆ្នាំ ២០២១-បច្ចុប្បន្ន
ដើមឆ្នាំ ២០២១ អ្នកនាង មាស សុខសោភា បានប្រកាសចាកចេញពីផលិតកម្មថោន ទៅចូលរួមផលិតកម្មថ្មីស្រឡាង គឺ ផលិតកម្ម រាម។ ក្រោយពីចូលទៅកាន់ផលិតកម្មរាម អ្នកនាង មាស សុខសោភា ក៏បានបញ្ចេញបទចម្រៀងទាំងមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ និង បទប្រពៃណីជាបន្តបន្ទាប់ និង ទទួលបានប្រជាប្រិយភាពខ្លាំងដូចដើម៕