ពេលនេះ ម្ចាស់ហាងដែលបែកធ្លាយរូប Angela Baby ជក់បារី ចេញបកស្រាយហើយ
កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ វីដេអូអង្គុយជក់បារីរបស់តារាសម្ដែងស្រី Angela Baby បានផ្ទុះការភ្ញាក់ផ្អើលខ្លាំងដល់ទស្សនិកជន ដោយក្នុងនោះបានបង្ហាញច្បាស់ៗគឺជារូបនាង ដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតយកមកពិភាក្សាជាច្រើន។
វីដេអូប្រមាណ ១៧ វិនាទីរបស់តារាសម្ដែងរូបនេះ ត្រូវបានគេលួចថតសម្ងាត់ខណៈពេលកំពុងអង្គុយជក់បារី កំពុងរីករាលដាលពេញលើបណ្តាញសង្គមចិន Weibo នាពេលថ្មីៗនេះ។ បើមើលទៅតាមរូបភាពរបស់នាង ហាក់ដូចជាកំពុងជួបជុំជាមួយនឹងមិត្តភក្តិ ក្រោយពីការងារ។ ដោយដៃស្តាំរបស់តារាស្រីរូបនេះ មានកាន់កន្ទុយបារី កាយវិការបែបនេះ បានធ្វើឱ្យមានភាពចម្រូងចម្រាសខ្លាំងចំពោះតារាលំដាប់ A ដូចជា Angela Baby។
ទោះជាយ៉ាងណា បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន បានរាយការណ៍ថា កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ម្ចាស់ហាងដែលបែកធ្លាយរូបភាពរបស់ Angela Baby នៅលើអ៊ីនធឺណេត បានបង្ហោះសារសុំទោសដល់តារាស្រីរូបនេះ ដោយបានសារភាពថា៖ «វីដេអូជក់បារីនេះត្រូវបានថតដោយអតីតបុគ្គលិកម្នាក់ដែលបានដេញចេញពីហាង។ កន្លងមកហាងនេះ បានបង្ហោះរូបតារាល្បីៗតាមអ៊ីនធឺណេតជាច្រើននាក់មកហើយ ប៉ុន្តែរឿងហេតុកើតឡើងនេះមិនធ្លាប់មាននោះទេ»។ ក្នុងនោះ ម្ចាស់ហាងនេះបានសន្យាថានឹងពង្រឹងការគ្រប់គ្រងយ៉ាងល្អជាងនេះទៀត។
យ៉ាងណាមិញ ក្នុងករណីនេះដែរ អ្នកនិយមលេងក្នុងបណ្តាញសង្គមភាគច្រើន លើកឡើងថា Angela Baby មានវ័យច្រើនហើយ។ ម្យ៉ាងវិញទៀត នាងកំពុងជួបជុំជាមួយនឹងមិត្តភក្តិក្នុងពេលសម្រាកឯកជនផ្ទាល់ខ្លួនរបស់នាង ហើយក៏មិនបានធ្វើអ្វីខុសនោះដែរ៕