ទីភ្នាក់ងារ Zhao Lusi តបផាំងៗក្រោយឮចចាមអារ៉ាម មានស្នេហានឹងតារាប្រុសសង្ហារូបនេះ
អាចនិយាយបានថា តារាសម្ដែងស្រីវ័យក្មេងរបស់ចិន Zhao Lusi បច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់នាងកំពុងតែលោតឡើងខ្ពស់ ត្រូវបានមហាជនជាច្រើនតាមដានមើលស្ទើរតែគ្រប់ពេល។
តារាស្រីមុខស្រស់រូបនេះ បានឆក់យកបេះដូងអ្នកគាំទ្រទូទាំងអាស៊ី ហើយថ្មីៗនេះ Lusi ក៏បានក្លាយជាប្រធានកំពុងត្រូវអ្នកនិយមលេងអ៊ីនធឺណេតផ្ទុះការវែកញែកខ្លាំងផងដែរ។ ទាក់ទងនឹងមានពាក្យចចាមអារ៉ាមម្តងទៀតហើយថា កំពុងមានស្នេហាជាមួយនឹងតារាប្រុសរូបសង្ហាក្នុងរង្វង់សិល្បៈដូចគ្នា។
បើតាមការទម្លាយពី Paparazzi ក្នុងប្រទេសចិន បាននិយាយថា មិត្តប្រុសរបស់ Lusi គឺជាមនុស្សល្បីល្បាញម្នាក់ក្នុងសិល្បៈកម្សាន្ត។ ពួកគេទាំងពីរមានភាពល្បីល្បាញប្រហាក់ប្រហែលគ្នា ហើយបានធ្វើការជាមួយគ្នាថែមទៀតផង។
ស្រាប់តែដំណឹងនេះសាយភាយចេញមិនយូរប៉ុន្មាន ក៏បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនសន្និដ្ឋានបានភ្លាមថាអាចជា តារាសម្ដែងប្រុស Xiao Zhan នាំឱ្យមាន hashtag អំពី Zhao LuSi និង Xiao Zhan ពេញលើបណ្តាញអ៊ីនធឺណេតចិន និងកំពុងធ្វើឱ្យអ្នកគាំទ្រជជែកគ្នាយ៉ាងក្តៅគគុក។
ទោះជាយ៉ាងណា ឆ្លើយតបនឹងប្រធានបទដែលកំពុងក្តៅលើអ៊ីនធឺណេត ទីភ្នាក់ងាររបស់តារាសម្ដែងស្រី Zhao Lusi បានបញ្ចេញសារដំណឹង ដោយបដិសេធច្បាស់ៗចំពោះពាក្យចចាមអារ៉ាមបែបនេះ និងបញ្ជាក់ថា៖ «កុំផ្សព្វផ្សាយពាក្យចចាមអារ៉ាម។ កុំជឿលើពាក្យចចាមអារ៉ាម កុំផ្សាយព័ត៌មានមិនពិត»។
ការចេញតបនឹងពាក្យចចាមអារ៉ាមយ៉ាងម៉ឺងម៉ត់នេះ ក៏បានធ្វើឱ្យអារម្មណ៍ទស្សនិកជនបានធូរស្រាលខ្លះបន្តិចដែរ។ ព្រោះអ្នកទាំងអស់ តែងចង់ដឹងអំពីការបកស្រាយរាល់ពាក្យចចាមអារ៉ាមស្នេហាដែលលេចឮរវាងតារាស្រីរូបនេះ កន្លងមក៕