ទើបប្រកាសស្នេហ៍ថ្មីបាន ៣ ខែ Cris ប្រកាសនៅលីវជាថ្មីវិញទៀតបាត់ហើយ
តារាស្រីវ័យ ៤២ ឆ្នាំ Cris Horwang ហាក់នៅតែមានហាងឆេងនៅក្នុងវិស័យសិល្បៈដដែល ដោយសារតែរូបសម្រស់ក្មេងជាងវ័យ និង សមត្ថភាពសិល្បៈដ៏សម្បូរបែបរបស់នាងនោះឯង។
យ៉ាងណាមិញ បើក្រឡេកមកមើលរឿងបេះដូងវិញ គេសង្កេតឃើញថា កាលពីខែ មេសា ឆ្នាំ ២០២២ កន្លងទៅនេះ នាងទើបតែទម្លាយឱ្យដឹងថា ខ្លួនកំពុងមានអ្នកថែបេះដូងថ្មី ជាអ្នកអាយុប្អូន ហើយពួកគេថែមទាំងបណ្តើរគ្នាទៅផ្អែមល្ហែមទៅទីក្រុង New York ទៀតផង ប៉ុន្តែនាងមិនបានបង្ហាញមុខគេឱ្យមហាជនបានឃើញជាផ្លូវការនោះទេ។
ស្នេហារបស់អ្នកទាំងពីរបានដំណើរការទៅយ៉ាងរលូនអស់រយៈពេលជាច្រើនខែ ហើយមហាជនក៏គាំទ្រច្រើនដូចគ្នា ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ Cris បានទម្លាយនៅក្នុងកម្មវិធីសម្ភាសមួយថា ពេលនេះ បេះដូងរបស់ខ្លួននៅទំនេរម្តងទៀតហើយ។
ក្នុងនោះ Cris បានឱ្យដឹងថា អ្វីៗគ្រប់យ៉ាងវាមិនដូចដើមនោះទេ ហើយនាងក៏បានបែកគ្នាមែនទែនហើយ តែវាការបែកគ្នាដ៏ល្អ នាងនិយាយជាមួយគ្នាត្រឹមត្រូវ ជាការសម្រេចចិត្តរួមគ្នា ហើយវាពិតជារឿងល្អណាស់។ នាងបន្តទៀតថា វាមិនមានមូលហេតុអ្វីច្រើននោះទេ គឺគ្រាន់តែមនុស្សពីរនាក់មើលឃើញផ្លូវបញ្ចប់តែប៉ុណ្ណោះ។ ហើយវាមិនមែនជាការពិបាកក្នុងការសម្រចចិត្តនោះដែរ ព្រោះនាងមិនបានរៀបការ ឬមានកូនមានអីឡើយ ជាពិសេសគឺនាងបានបែកពីគេជាង ២ ខែមកហើយ។
លើសពីនេះទៅទៀត ពេលនេះនាងក៏នឹងយកពេលវេលាដើរលេងរំសាយអារម្មណ៍ផងដែរ។ យ៉ាងណាមិញ ការមើលទៅលើជីវិតស្នេហារបស់នាង គឺដូចដើម។ នាងនៅតែគិតថាវាជារឿងមានក្តីសុខ។ នាងក៏តែងពេញចិត្តរាល់ស្នេហា ដែលនាងមានរាល់ដង វាគឺដូចជាបទពិសោធន៍ដ៏ល្អសម្រាប់នាងដូច្នោះឯង៕