ឡើងកូដប្រឹបៗ! តន់ ចន្ទសីម៉ា ក្ដាប់បានឱកាសទៅច្រៀងប្រគំតន្រ្តីលើកដំបូងនៅកូរ៉េ
ប្រិយមិត្តបានជ្រាបហើយថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ តន់ ចន្ទសីម៉ា គឺជាតារាចម្រៀងស្រីពន្លកថ្មីមួយរូបដែលមានយីអ៊ុនឡើងស្រឺតៗ ដោយទទួលបានការស្រឡាញ់គាំទ្រពីមហាជនជាច្រើនតាមរយៈបទចម្រៀងរបស់នាង ហើយពេលនេះ តន់ ចន្ទសីម៉ា ក៏ជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំផលិតកម្ម កាឡាក់ស៊ី ណាវ៉ាត្រា ផងដែរ។
ការទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញត្រឹមរយៈពេលដ៏ខ្លីរបស់ តន់ ចន្ទសីម៉ា ធ្វើឱ្យមហាជនជាច្រើនកោតសរសើរ ដោយអំឡុងពេលនេះនាងមិនត្រឹមតែទទួលបានការងារផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗមួយចំនួនប៉ុណ្ណោះទេ ប៉ុន្ដែនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ តារាស្រីខាងលើក្ដាប់បានឱកាសចេញទៅច្រៀងនៅប្រទេសកូរ៉េខាងត្បូងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌលើកទី ១ ទៀតផង។
តាមការបញ្ជាក់ពីតារាចម្រៀង តន់ ចន្ទសីម៉ា បានឱ្យដឹងថា កម្មវិធីប្រគំតន្រ្តីនេះរៀបចំដោយ ស្ថានទូតកម្ពុជា, ក្រសួងការងារ, ក្រុមការងារយុវជន ESEA និង សាលាក្រុងអានសាន (ប្រទេសកូរ៉េខាងត្បូង) ដោយបើកឱ្យបងប្អូនខ្មែរនៅទីនោះចូលរួមទស្សនាដោយសេរីនៅពហុកីឡាដ្ឋាន WA ទីក្រុងអានសាន។
ខណៈទទួលបានឱកាសទៅច្រៀងនៅប្រទេសកូរ៉េលើកដំបូង តន់ ចន្ទសីម៉ា លើកឡើងថា ៖ «នាងខ្ញុំទៅច្រៀងប្រគំតន្ត្រីនៅកូរ៉េលើកទីមួយ បងប្អូនកុំភ្លេចមកលេង សីម៉ា ផង សូមផ្ញើក្ដីស្រឡាញ់ទៅអ្នកទាំងអស់គ្នា»៕