លោក អ៊ឹង សុខលី ដាក់រហស្សនាម ឱក សុគន្ធកញ្ញា ថាជាកំពូលភរិយា និង មាតាដៃមួយរយ
កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ឱក សុគន្ធកញ្ញា បានឆ្លងខួបកំណើតចូលអាយុ ៣៥ ឆ្នាំរបស់ខ្លួនពោរពេញដោយក្ដីសុខបំផុតនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ នេះ ដោយគេឃើញមានមិត្តភក្ដិរួមចង្កោមសិល្បៈ និង មហាជនអ្នកគាំទ្រជាច្រើន បាននាំគ្នាបង្ហោះសារជូនពរនាងយ៉ាងច្រើនព្រោងព្រាត។
ក្រៅពីមនុស្សល្អនៅជុំវិញខ្លួន ក្នុងនោះគេក៏ឃើញលោក អ៊ឹង សុខលី បានបង្ហោះសារជូនពរថ្ងៃកំណើតភរិយាជាទីស្រឡាញ់ប្រកបដោយភាពផ្អែមល្ហែមផងដែរថា ៖ «ជា Super ម្តាយក្នុងផ្ទះផង ជា Super ភរិយាផង ជា Super កូនស្រីច្បងក្នុងផ្ទះផង ហើយក៏ជា Super star របស់អ្នកគាំទ្រជាច្រើន។ ជីវិតមនុស្សតែងជួបបញ្ហា តែរាល់បញ្ហាគឺតែងតែមានវិធីដោះស្រាយ។ បងសូមអរគុណរាល់រឿងកន្លងមក អូនជា strong mommy ទោះជារវល់យ៉ាងណា ក៏នៅតែផ្តល់ភាពកក់ក្តៅ ដល់កូន និងក្រុមគ្រួសារ»។
លើសពីនេះ លោក អ៊ឹង សុខលី ថែមទាំងហៅ ឱក សុគន្ធកញ្ញា គឺជាកំពូលភរិយា និង មាតាដៃមួយរយថែមទៀតផងថា ៖ «រីករាយថ្ងៃខួបកំណើត កំពូលភរិយា និង មាតាដៃមួយរយរបស់បង ជូនពរអូនមានសុខភាពល្អ សូមឱ្យរាល់បំណងប្រាថ្នារបស់អូនឱ្យបានសម្រេចគ្រប់យ៉ាង»។
គេនៅចាំមិនភ្លេចថា កាលខួបកំណើតលោក អ៊ឹង សុខលី នៅប៉ុន្មានថ្ងៃមុននេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារជូនពរ និង លើកសរសើរស្វាមីពេញៗមាត់ផងដែរ ដែលស្ដែងពីការយល់ចិត្តគ្នាទៅវិញទៅមករវាងប្ដីប្រពន្ធអ្នកទាំងពីរប្រកបដោយក្ដីសុខក្នុងរង្វង់គ្រួសារ៕