ខុសវ័យគ្នាបន្ដិចមែន តែ ពេជ្រ សូលីកា និង ភិទិ សមគ្នាណាស់ក្នុងឈុតកូនក្រមុំកូនកំលោះ
កាលពីមួយរយៈមុន មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានផ្ទុះការសង្ស័យទៅលើទំនាក់ទំនងរវាងតារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា និង កំលោះសង្ហា ថុល សុភិទិ ដែលជាបេក្ខជនដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ បន្ទាប់ពីឃើញអ្នកទាំងពីរឧស្សាហ៍ជួបគ្នាបង្ហាញសកម្មភាពស្និទ្ធស្នាលញឹកញាប់។
ក្រោយផ្ទុះពាក្យចចាមអារ៉ាមថា ពេជ្រ សូលីកា និង ថុល សុភិទិ មានទំនាក់ទំនងស្នេហានឹងគ្នាមក មួយរយៈចុងក្រោយនេះគេមិនសូវបានឃើញតារាប្រុសស្រី ២ រូបនេះ ជួបស្និទ្ធស្នាលគ្នាញឹកញាប់ដូចកាលពីមុនទៀតឡើយ ទោះបីជាកន្លងមកសាមីខ្លួនក៏បានបកស្រាយហើយថាពួកគេគ្រាន់តែរាប់អានគ្នាដូចបងប្អូនប៉ុណ្ណោះ។
យ៉ាងណាមិញស្រាប់តែថ្មីៗនេះ Idol ២ រូបខាងលើ បានទទួលថតការងារសម្អាងការជាមួយគ្នាជាថ្មី ដោយតុបតែងក្នុងសម្លៀកបំពាក់ប្រពៃណីកូនកំលោះកូនក្រមុំយ៉ាងស្រស់ស្អាត និង ស្រស់សង្ហា ស័ក្ដិសមនឹងគ្នាខ្លាំងណាស់។
ទោះធ្លាប់មានពាក្យចចាមអារ៉ាមរឿងស្នេហា តែអ្នកមេម៉ាយសាច់សខ្ចី ពេជ្រ សូលីកា បានបង្ហោះរូបថតស្និទ្ធស្នាលពេលរួមការងារជាមួយ ថុល សុភិទិ នៅលើបណ្ដាញសង្គម ក្នុងនោះនាងក៏បានលើកឡើងថា ៖ «កុំឱ្យថាថតហើយមិនផុស សុំមកជាមួយកំលោះពេញនិយមម្ដង ការងារមិនមែនការកូនទេ»៕