Han Geng អតីតសមាជិក Super Junior បានក្លាយជាឪពុកគេហើយ
កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២ តារាប្រុស Han Geng ដែលត្រូវបានគេស្គាល់ថាជាអតីតសមាជិក Super Junior បានបង្ហោះនៅលើគណនីបណ្តាញសង្គមផ្ទាល់របស់លោក ដោយបានប្រកាសដំណឹងល្អថា៖ «កូនស្រីបានកើតហើយ។ នេះក៏ជាកូនដំបូងរបស់លោកជាមួយនឹងភរិយាដែរ»។
នៅក្នុងរូបថតនោះ ទស្សនិកជនអាចមើលឃើញយ៉ាងច្បាស់នូវសុភមង្គលរបស់ប្តី-ប្រពន្ធមួយគូនេះ នៅពេលដែលតារាប្រុសរូបនេះញញឹមបង្ហាញអារម្មណ៍ស្រស់ស្រាយបំផុតសម្លឹងមើលទៅកាន់កូនស្រីតូច។ ខណៈដែលភរិយារបស់លោក គឺតារាសម្ដែងស្រី Celina Jade បានងើបមុខថើបថ្ពាល់របស់ Han Geng ឱបកូនស្រីទើបនឹងកើតក្នុងរង្វង់ដៃ។
យ៉ាងណាមិញ ក្រោយព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយបង្ហោះចេញភ្លាម ក៏ឃើញមានក្រុមអ្នកគាំទ្ររបស់តារាទាំងពីរបានផ្ញើសារសម្ដែងការអបអរសាទរដល់គ្រួសាររបស់អតីតសមាជិក Super Junior រូបនេះ យ៉ាងច្រើនកុះករ។
សូមបញ្ជាក់ផងដែរ តារាប្រុស Han Geng គឺអតីតសមាជិក Super Junior ទី ២ ដែលរៀបការសាងគ្រួសារ បន្ទាប់ពីតារាប្រុស Lee Sungmin៕