ខ្លោចចិត្ត! អ្នករាំជាជនរងគ្រោះម្នាក់ទៀត មានជំងឺផ្លូវចិត្តធ្ងន់ តាំងពីថ្ងៃធ្លាក់ LED ទម្ងន់ ៦០០ kg
អ្នករាំម្នាក់ទៀត ក្នុងចំណោម ២នាក់ ដែលត្រូវបានផ្ទាំងអេក្រង់ LED យក្ស ទម្ងន់ ៦០០ kg ធ្លាក់សង្កត់ពីលើ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ បានចេញមកចែករំលែកអំពីស្ថានភាពសុខភាពរបស់គេ ចាប់តាំងពីថ្ងៃជួបឧប្បត្តិហេតុដ៏រន្ធត់ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ អំឡុងពេលសម្តែងការប្រគំតន្រ្តីរបស់ក្រុម Mirror ដែលជាក្រុមចម្រៀងបុរសវ័យក្មេងហុងកុង។
ក្នុងនោះ A Phong បាននិយាយថា គាត់ពិតជាសំណាងណាស់ដែលរងរបួសស្រាល ប៉ុន្តែរឿងហេតុដ៏ស៊យនេះ បានធ្វើឱ្យគាត់ចងចាំមិនភ្លេច បន្ទាប់ពីជួបគ្រោះថ្នាក់ដ៏អាក្រក់ធ្ងន់ធ្ងរបំផុត ក្នុងឆាកជីវិត។
បើតាមការឱ្យដឹង អ្នករាំរូបនេះ បានប៉ះទង្គិចផ្លូវចិត្តខ្លាំង ដោយបាននិយាយថា៖ «គាត់មានជំងឺគេងមិនលក់កម្រិតធ្ងន់ជាងមួយខែមកហើយ»។ ជាមួយគ្នានោះ A Phong អ្នករាំរូបនេះបានបង្ហាញអំពីបញ្ហាដែលលោកបានប្រឈមមុខថា៖ «រាល់ពេលដែលខ្ញុំបិទភ្នែក ទិដ្ឋភាពដ៏រន្ធត់ថ្ងៃនោះ បានលេចចេញមកនឹងភ្នែកស្រស់។ ខ្ញុំហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពិតជាពិបាកណាស់ក្នុងការគេងរាល់យប់»។
ទោះជាយ៉ាងណា A Phong ក៏បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីសម្រួលអារម្មណ៍ក្នុងចិត្តទាំងការគិត ឱ្យត្រឡប់មករកសភាពដើមវិញ។ ហើយនៅពាក់កណ្តាលខែសីហា លោកនឹងត្រូវបានអនុញ្ញាតឱ្យទៅផ្ទះបាន ប៉ុន្តែនៅតែបន្តការព្យាបាលផ្លូវចិត្តដដែល៕