តាមពិត គ្រាផ្ដើមស្នេហ៍ដំបូងៗ Tong Tong និង ស្រីស្អាត Best ផ្តើមឡើងពីចំណុចនេះ
សម្រាប់គូស្នេហ៍វ័យក្មេង Tong Tong និង Best ថ្វីដ្បិតទើបតែសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយគ្នារយៈពេលជាង ១ ឆ្នាំក៏ពិតមែន តែបើងាកទៅមើលសកម្មភាពស្នេហ៍របស់អ្នកទាំងពីរហាក់កាន់តែស្អិតល្មួតទៅៗ និង ធ្វើឱ្យអ្នកគាំទ្រលួចច្រណែនស្ទើររាល់ថ្ងៃ។
ទំនាក់ទំនងស្នេហ៍មួយនេះថ្វីដ្បិតតែក្មេងខ្ចីសម្រាប់អ្នកទាំងពីរ តែវាមិនត្រឹមតែទទួលបានការស្រឡាញ់រវាងមនុស្សពីរនាក់នោះទេ បើនិយាយពីគ្រួសារទាំងសងវិញក៏ទទួលស្គាល់ និង គាំទ្រអ្នកទាំងពីរពេញទំហឹងដូចគ្នាដែរ។
លើសពីនេះទៅទៀត ជឿជាក់ថាមហាជនប្រាកដចង់ដឹង និង មានមន្ទឹលក្នុងចិត្តជាក់ជាពុំខានថា តើមូលហេតុអ្វីបានជាអ្នកទាំងពីរបានជួបគ្នា និង សាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមបែបនេះ?
ចំពោះមន្ទឹលសង្ស័យដែលមហាជនចង់ដឹង និង ចង់ឱ្យគូស្នេហ៍មួយគូនេះចេញមុខបកស្រាយនោះ កន្លងទៅនេះតារាប្រុស Tong Tong ក៏បានចេញមុខទម្លាយម្តងរួចមកហើយថា ចំនុចផ្តើមស្នេហ៍រវាងលោក និង Best គឺផ្តើមចេញពីការថតខ្សែភាពយន្តភាគរឿង «បេះដូងអ្នកសង្គ្រោះ» នេះហើយ ព្រោះក្នុងខ្សែភាពយន្តមួយនេះក៏មានវត្តមានលោក និង Best សម្តែងជាតួអង្គឯកជាមួយគ្នាផងដែរ។
យ៉ាងណាមិញ បើតាមការឱ្យដឹងពីតារាប្រុសរូបនេះបន្ថែមថា ដោយសារតែទំនាក់ទំនង និង ភាពជិតដឹតខណៈពេលថតរឿង «បេះដូងអ្នកសង្គ្រោះ» ជាមួយគ្នានេះហើយ ដែលធ្វើឱ្យលោកមានជាឱកាសទៅថត YouTobe ជាមួយ Best ម្តងទៀត ដែលវារឹតកាន់តែធ្វើឱ្យលោកកាន់តែស្គាល់ និង ឃើញពីចរិតធម្មជាតិដ៏គួរឱ្យស្រឡាញ់របស់ Best រហូតធ្វើឱ្យលោកមានចិត្ត និង ផ្តើមចង់មើលចិត្តគ្នា ពោលគឺផ្តើមស្នេហ៍ជាមួយគ្នាមកទល់ពេលនេះ៕